រដ្ឋបាលក្រុង មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ដឹកសិស្សសាលាសំអាតបរិស្ថាននៅមាត់ទន្លេក្រុងព្រៃវែង


នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ រដ្ឋបាលក្រុងដឹកនាំដោយលោក ម៉នន្នី បណ្ឌិត អភិបាលក្រុងព្រៃវែង លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្ត និងមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ខេត្ត បានដឹកនាំសិស្សសាលា ប្រមាណ ៨០០ នាក់ ដើម្បី ធ្វើការ ចុះសំអាតបរិស្ថាន នៅមាត់ទន្លេក្រុងព្រៃវែង។
លោក ម៉នន្នី បណ្ឌិត អភិបាលក្រុងព្រៃវែង បានលើកឡើងថា សំរាមធ្វើឱ្យខូចនៅស្រទាប់ដី ខូចនៅបរិស្ថាន សោភ័ណភាពជាដើម។ លោកក៏បានបន្តទៀតថា យុវជនដែលជាទំពាំងស្នងឬស្សី ជាកោសិកាមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិក៏ដូចជា ខេត្តរបស់យើងក្នុងការចូលរួមយ៉ាងសកម្មសំអាតបរិស្ថានឲ្យបានជាប្រចាំ ក៏ដូចជាបង្ហាញដល់មហាជន ឲ្យគាត់បានយល់ដឹងអំពីផលប៉ះពាល់នៃសំរាមនោះផងដែរ។
លោកក៏បានបន្តទៀតថា មាត់ទន្លេយើងនេះគឺជាកន្លែងដ៏ពិសេសមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែងដែលគាត់តែងតែមកលំហែកាយ និងកំសាន្តអារម្មណ៍នៅពេលល្ងាច ដើម្បីអង្គុយយកខ្យល់អាកាស ពិភាក្សាការងារ ពិភាក្សាការសិក្សារៀនសូត្រ ហាត់ប្រាណ និងជជេកលេងផ្សេងៗ ដើម្បីរំសាយនូវទុក្ខកង្វល់ អំពីការងារ និងការរៀនសូត្រផ្សេងៗ ដែលប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនសិស្សានុសិស្សតែងតែមកជុំគ្នានៅមាត់ទន្លេនេះជាប្រចាំ។
លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្ត ក៏សូមកោតសរសើរចំពោះប្អូនៗដែលជាសិស្សានុសិស្ស ចំណាយទាំងពេលវេលា ទាំងការរៀនសូត្រ ដើម្បីចូលរួមសំអាតបរិស្ថាននៅក្នុងក្រុងព្រៃវែងនាពេលនេះ។
លោកជំទាវក៏សូមសំណូមពរដល់យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក៏ដូចជាមហាជនទូទាំងប្រទេសសូមចូលរួម សំអាតបរិស្ថានទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាតសាលារៀនស្អាត សហគមន៍ស្អាត រមណីយដ្ឋានស្អាត សុខភាពល្អ (ដូចពាកស្លោកថា សំរាមមិនធ្លាក់ដល់ដីព្រៃវែងកាន់តែស្រស់ស្អាត) លោកជំទាវក៏បានលើកឡើងបន្តទៀតថា សំរាមកើតឡើងចេញពីយើងទាំងអស់គ្នាមិនមែន កើតពីណានោះទេ ដូច្នេះត្រូវតែចូលរួមសម្អាតបរិស្ថាន ទាំងអស់គ្នាដោយត្រូវ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដាក់ក្នុងធុងសំរាម នៅពេលបរិភោគ ឬនៅប្រើប្រាស់រួច៕