រដ្ឋមន្ដ្រី អង្គ វង្ស វឌ្ឍានា ទទួលជួបសម្ដែងការគួរសម ជាមួយឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៉ីប្រចាំនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានទទួលជួបជាមួយ លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៊ីប្រចាំកម្ពុជា និងមន្រ្តីស្ថានទូត ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌។

នៅក្នុងកិច្ចសំណេះសំណាលនេះ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ស្ថានទូតសហព័ន្ធម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន ពិសេសពាក់ព័ន្ធការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំង នឹងបទល្មើសនានា។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងយុត្តិធម៌ ក៏បានស្វាគមន៍ និងគាំទ្រចំពោះសុឆន្ទៈរបស់សហព័ន្ធម៉ាឡេស៊ី ក្នុងការផ្លាស់ប្តូរបទពិសោធន៍ លើការកសាងក្របខណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែងលើការងារកន្លងមក ព្រមទាំងក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល ក៏ដូចជាទស្សនកិច្ចសិក្សា និងការពង្រឹងយន្តការច្បាប់របស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង នឹងបទល្មើសភេរវកម្ម និងបទល្មើស តាមប្រព័ន្ធអ៊ីនធើណិត។

ទន្ទឹមនេះ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក៏មានសេចក្តីសោមនស្សរីករាយ និងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកស្រី រដ្ឋមន្រ្តីក្រសួងយត្តិធម៌ នៃសហព័ន្ធម៉ាឡេស៊ី ដែលជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាស្រ្តីទីមួយ នៃសហព័ន្ធម៉ាឡេស៊ី នៅក្រសួងយុត្តិធម៌កម្ពុជា ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២០ខាងមុខនេះ ដើម្បីជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ នៃប្រទេសទាំងពីរ។

ជាចុងក្រោយ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ស្ថានទូតសហព័ន្ធម៉ាឡេស៊ី បានគាំទ្រ និងសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយ ជាពិសេសលើវិស័យច្បាប់ និងយុត្តិធម៌៕