លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អានុសាសន៍ ៤ចំណុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បត្តិ៍ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌតិ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់មន្ត្រីរាជការទាំងអស់ ជាពិសេសបងប្អូនជានារី នៃក្រសួងកិច្ចការនារី ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព សូមអរគុណសន្តិភាព និងសូមអរគុណនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ និងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិភាព។ មានសន្តិភាព ទើបធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅសុខសាន្តសម្បូរ សប្បាយ មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ ដែលបានរួមចំណែកក្នុងការធ្វើឲ្យស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីកាន់តែប្រសើរឡើង ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម នយោបាយ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ដែលបានលើកកម្ពស់ និងផ្តល់ឱកាសដល់មន្ត្រីរាជការជានារី បានធ្វើការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងកិច្ចការនារី ។
សកម្មភាពនេះ នឹងរឹតតែជួយជំរុញមន្ត្រីរាជការជានារីបានរួមចំណែកកាន់តែសកម្មថែមទៀតក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដល់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងកិច្ចការនារី ដូចតទៅ ៖

១. សមាសភាពដែលបានកែសម្រួល និងសមាសភាពបន្ថែមថ្មី សូមឲ្យអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ។

២. អនុវត្តឲ្យបានល្អនូវភារកិច្ច លក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។

៣. ថ្នាក់ដឹកនាំក្រសួងជួយផ្តល់ឱកាស ដើម្បីឲ្យសមាគមនារីមានលទ្ធភាពក្នុងការធ្វើសកម្មភាពរបស់ខ្លួនផងដែរ ។

៤. ជម្រុញឲ្យស្រ្តីដែលមានតួនាទីត្រូវបានកសាង និងពង្រឹងសមត្ថភាពរបស់ខ្លួន ដោយមានការជឿជាក់ ក៏ដូចជាទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងផងដែរ ។