ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការចាប់ផ្តើមគម្រោងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីសហគ្រិន


ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការចាប់ផ្តើមគម្រោងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងស្ត្រីសហគ្រិន ក្រោមអធិបតីភាពលោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។ សិក្ខាសាលានេះមានគោលបំណង៖
-បង្ហាញពីកិច្ចសហការរវាងក្រសួងកិច្ចការនារីជាមួយធនាគារជាតិនៃកម្ពុជា ដោយមានការគាំទ្រ ពីក្រុមហ៊ុនវីសា ក្នុងការចាប់ផ្តើមគម្រោងដើម្បី លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនភាពស្រ្តី។
-បង្កើនការយល់ដឹងពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយការប្រើប្រាស់ឌីជីថល ដើម្បីជួយដល់ធុរៈកិច្ច និងអាជីវកម្មរបស់ស្ត្រី។
-ប្រមូលគំនិតយោបល់ដើម្បីរៀបចំឯកសារ ខ្លឹមសារ ចំណេះដឹង ដែលចាំបាច់សម្រាប់ណែនាំលើកទឹកចិត្តដល់ស្ត្រី ស្ត្រីសហគ្រិន និងសិស្សស្រី ក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្ម។
ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី តំណាងក្រុមហ៊ុន វីសា សមាគម/សហព័ន្ធ សហគ្រិនស្ត្រី ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗសរុប១០០នាក់។