សម្តេចតេជោ ហ៊ុន សែន ហៅ Global witness លេលា


     សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រ​សាសន៍​ហៅ​សកម្ម​ភាព​ប្រ​ឆាំង ​របស់​អង្គ​ការ Global witness ថា​ជា​ការ​ប្រ​ឆាំង​ដ៏​ឆ្គួត​លេ​លា​។ យោង​តាម​ទី​ភ្នាក់​ងារ Fresh news ប្រ​សាសន៍​របស់​សម្តេច​តេ​ជោ​សែន តប​ចំពោះ Global witness នេះ​បាន​សរ​សេរ​ផ្ញើ​ពី​ទី​ក្រុង​ដាវ៉ូស ​នៃ​ប្រ​ទេស​ស្វីស​ ដែល​សម្តេច​កំពុង​ចូល​រួម​វេទិ​កា​សេដ្ឋ​កិច្ច​ពិភព​លោក​។

សម្តេច​តេ​ជោ​​នាយក​រដ្ឋ​មន្ត្រី ​បាន​សរ​សេរ​ដាស់​តឿន​អង្គ​ការ Global witness និង​បក្ស​ពួក​ថា ”​ល្មម​ឈប់​ល្ងង់ និង​ឆ្គួត​ទៀត​ទៅ​” ។ ប្រ​សាសន៍​របស់​សម្តេច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ការ Global witness បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ​នៅ​ក្នុង​ក្រុង​ដាវ៉ូស​នៃ​ប្រ​ទេស​ស្វីស បាន​អំពាវ​នាវ​ជា​អន្តរ​ជាតិ​រក​ការ​រារាំង​ សម្តេចតេជោ ហ៊ុន សែន មិន​អោយ​ចូល​រួម​ក្នុង​វេទិ​កា​សេដ្ឋ​កិច្ច​ពិភព​លោក​នោះ​ឡើយ​។ អង្គ​ការ Global witness ថែម​ទាំង​បាន​សរ​សេរ​ញុះ​ញុង់​ រក​អ្នក​ចូល​រួម​នៅ​ទី​នោះ​ ប្រ​ឆាំង​រដ្ឋា​ភិ​បាល​កម្ពុជា​ មិន​អោយ​ផ្សាយ​វីដេអូ “​ផ្កាយ​កំពុង​រះ​របស់​អាស៊ាន​” ដែល​ជា​កម្ម​វិធី​ទាក់​ទាញ​ទេស​ចរណ៍​ និង​ការ​វិនិ​យោគ​បរ​ទេស​ ទៅ​កាន់​កម្ពុជា​នោះ​ថែម​ទៀត​។

ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​ញុះ​ញុង់​របស់ Global witness នោះ​មិន​មាន​ការ​គាំទ្រ​ណា​មួយ​ពី​សមា​ជិក​ជាង​ ៣០​ប្រ​ទេស​ ដែល​បាន​ចូល​រួម​ជា​សកល​នោះ​ឡើយ​។ សម្តេចតេជោ សែន បាន​សរ​សេរ​ប្រាប់ Global witness វិញ​ថា សូម​កុំ​ប្រ​ឆាំង​ឆ្គួត​លេ​លា​។ នាយក​រដ្ឋ​មន្ត្រី​គេ​ធ្វើ​ការ​ជា​មួយ​គ្នា​បែប​នេះ គឺ​ជា​ទម្លាប់​ធម្មតា​នៃ​ទំនាក់​ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​។ សម្តេច​​បាន​ដាស់​តឿន Global witness ទៀត​ថា ​បើ​ខួរ​ក្បាល​មិន​ទាន់​ឡប់​ឬឆ្គួត​ទេ គួរ​ចូល​សាលា​រៀន​ថែម​ទៀត​ទៅ​ ។

Global witness គឺ​ជា​អង្គ​ការ​អន្តរ​ជាតិ​មួយ​ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣ ដែល​មាន​ទី​តាំង​ក្នុង​ក្រុង​ឡុង​ដ្រ៍ នៃ​ប្រ​ទេស​អង់​គ្លេស និង​ស្ថិត​ក្នុង​ក្រុង Washington សហ​រដ្ឋ​អា​មេ​រិក​ផង​ដែរ​។ របាយ​ការណ៍​របស់​អង្គ​ការ​នេះ ចំពោះ​កម្ពុជា​បាន​រង​នឹង​ការ​រិះ​គន់​ជា​ខ្លាំង​ពី​រាជ​រដ្ឋា​ភិ​បាល ​ដែល​ចោទ​ថា​ មាន ទំនោរ​លំ​អៀង​ និង​ខុស​ពី​តួ​លេខ​នៃការ​ពិត​ជាក់​ស្តែង​។