ក្រសួងបរិស្ថានចែកពូជសត្វជូនប្រជាពលរដ្ឋចិញ្ចឹម ដើម្បីពង្រឹងជីវភាព និងការពារធនធានធម្មជាតិ


នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន របស់ក្រសួងបរិស្ថាន ចុះចែកពូជសត្វជូនដល់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិកោះឥន្ទជ័យចំនួន៦២គ្រួសារ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
ឯកឧត្តម រ័ត្ន វិរៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងបរិស្ថានបាន ផ្តល់ការគាំទ្រលើការងារអភិវឌ្ឍសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានជីវភាពរីកចម្រើន។ ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ប្រជាសហគមន៍តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការចិញ្ចឹមសត្វ និងការងារកសិកម្មលក្ខណៈគ្រួសារ នឹងធ្វើជីវភាពសហគមន៍តាមតំបន់ការពារធម្មជាតិរីកចម្រើននាពេលអនាគត។ក្នុងឱកាសនេះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ធ្វើយ៉ាងណាពង្រឹងការយកចិត្តទុកដាក់ថែទាំ ចិញ្ចឹមសត្វឱ្យបានល្អ ដើម្បីបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងដើម្បីចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
លោក ម៉ឺន មករា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅក្នុងការផ្តល់ពូជសត្វឱ្យសហគមន៍តំបន់ការពារធម្មជាតិកោះឥន្រ្ទជ័យនាពេលនេះ ប្រជាពលរដ្ឋចំនួន២៣គ្រួសារ ទទួលបានគោញី១ក្បាលក្នុងមួយគ្រួសារ ប្រជាពលរដ្ឋ២០គ្រួសារ ទទួលបានមាន់ពូជចំនួន១៥គីឡូក្រាម និងស្បៃបែតង១ដុំ ក្នុងមួយគ្រួសារ ហើយប្រជាសហគមន៍១៩គ្រួសារផ្សេងទៀតទទួល បានកូនជ្រូកពូជចំនួន៣ក្បាល ក្នុងមួយគ្រួសារ។ ប្រជាពលរដ្ឋ មានកាតាព្វកិច្ចបន្តចែករំលែកកូនគោ កូនជ្រូក និងមាន់ទៅសមាជិកសហគមន៍ដទៃទៀត នូវពេលដែលសត្វដែលពួកគាត់ទទួលបាននៅពេលនេះផ្តល់ផលបន្តបន្ទាប់។

សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៣ នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន របស់ក្រសួងបរិស្ថាន ដោយឆ្នាំទី១ ឆ្នាំ២០១៧ មាន១០សហគមន៍ រីឯ ឆ្នាំទី២ ឆ្នាំ២០១៨ មាន១០សហគមន៍បានទទួល និងដោយឡែកឆ្នាំនេះជាឆ្នាំទី៣ មាន៥សហគមន៍ បានទទួលពូជសត្វ សម្ភារៈ និងបច្ចេកទេសចិញ្ចឹម ដើម្បីបង្កើនជីវភាពដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ និង ជាពិសេស ចូលរួមកាត់បន្ថយសម្ពាធការប្រើប្រាស់ធនធានធម្មជាតិ ។ សហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលទទួលបានការគាំ្រទពីគម្រោង របស់រាជរដ្ឋាភិបាល ក្នុងនោះ មាន៤សហគមន៍នៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រទាំង៤ខេត្ត (ក្រចេះ កំពង់ធំ ព្រះវិហារ និងស្ទឹងត្រែង) ដែលទទួលបានការឧបត្ថម្ភទុនជាពូជសត្វ និង១សហគមន៍ (បឹងលំកុដ ក្នុងខេត្តរតនគិរី) ទទួលបានការឧបត្ថម្ភទុនជាសម្ភារសម្រាប់បម្រើសេវាកម្មទេសចរណ៍ធម្មជាតិ និងបន្ទប់ទឹកអនាម័យ។
បច្ចុប្បន្នក្រសួងបរិស្ថាន បានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួនជាង៦០កន្លែង លើផ្ទៃដីសរុបប្រមាណ ៧,៥លានហិកតា ក្នុងនោះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា។
សហគមន៍តំបន់ការពារធម្មជាតិ បានដើរតួជា ខ្សែក្រវ៉ាត់ការពារតំបន់ស្នូល និងតំបន់អភិរក្ស ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាសហគមន៍តាមរយៈការប្រើប្រាស់ផល អនុផលព្រៃឈើ និងការប្រកបមុខរបរចិញ្ចឹមជីវិត ជាលក្ខណៈគ្រួសារ និងជាលក្ខណៈសហគមន៍ ដូចជាធ្វើកសិកម្ម ការដាំដំណាំហូបផ្លែ ការចិញ្ចឹមសត្វ និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិជាដើម