ឯកឧត្តម ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ធ្វើការទទួលជួបនឹងគណៈប្រតិភូធនាគារពិភពលោក (WB)


នៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធាន អនុប្រធាននាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម និងអស់លោក លោកស្រីពាក់ព័ន្ធជាច្រើនរូប ធ្វើការទទួលជួបនឹងគណៈប្រតិភូធនាគារពិភពលោក (WB) នៅទីស្តីការក្រសួងនៅសាលប្រជុំដើមត្នោត ។

ខាងភាគី WB ដឹកនាំដោយ លោក Virak Chan ជាប្រធានក្រុមបេសកកម្មរបស់ WB ។

ការជួបនេះគឺមានគោលបំណងដូចតទៅ ៖

១- ធ្វើការត្រួតពិនិត្យលើលទ្ធផលការងារដែលបានអនុវត្តក្នុងពេលកន្លងមក ។ ពិនិត្យមើលលើចំណុចខ្វះខាត និងបញ្ហាប្រឈម
២- ពិនិត្យសកម្មភាពផ្នែកទន់ និងផ្នែករឹងលើវិស័យទឹកដែលជាតម្រូវការបន្ទាន់ចាំបាច់របស់ក្រសួងធនធានទឹក និងឧតុនិយម ដែល WB ត្រូវស្នើបំពេញជាបន្ទាន់

ត្រង់នេះ សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការស្នើម្តងរួចហើយក្នុងឆ្នាំសារពើភណ្ឌហិរញ្ញវត្ថុ IDA 18 ដែលពេលនោះ WB បានប្រើប្រាស់ថវិកាភាគច្រើនទៅវិស័យផ្លូវ និងបានខ្លះមកលើវិស័យទឹកដែរ ។ ដល់ឥឡូវជាជំនាន់ IDA 19 ទើប WB ស្នើឲ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្នើជាថ្មី ដើម្បីធ្វើការប្រើប្រាស់កញ្ចប់ថវិការថ្មី របស់ IDA 19 ។

ឯកឧត្តម លឹម គានហោ បានអនុញាតឲ្យ WB ចូលរួមសហការលើផ្នែកទុន ជាពិសេសលើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹក និងការវាយតម្លៃលើលទ្ធភាពទឹករបស់គ្រប់តំបន់អាងទន្លេទាំង០៥ អាងទន្លេរងចំនួន ៣៩ និងរហូតដល់គ្រប់ប្រព័ន្ធធារាសាស្រ្តទាំងអស់ ។

រីឯផ្នែករឹងវិញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យ WB ចូលរួមធ្វើការអនុវត្តផែនការការងារវិនិយោគរយៈពេលវែងដើម្បីចូលរួមទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងធ្វើការសាងសង់ប្រព័ន្ធធារាសាស្រ្តរបស់យើងក្នុងក្របខណ្ឌទូទាំងប្រទេសឲ្យរហូតដល់មានលក្ខណៈគ្រប់គ្រាន់ Completing Irrigation Systems ៕