ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែប


លោក រស់ ឧត្តុង្គ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែបថ្មី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ជំនួសលោក លៀវ ស៊ុនសារី ដែលត្រូវចូលនិវត្តន៍ និងត្រូវតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន។

ក្នុងពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីឯកឧត្តម សំ សារីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, មន្ត្រីរាជការក្រោមឱវាទ, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រមាណ ២៣០រូប។

លោក រស់ ឧត្តុង្គ ដែលទើបទទួលការតែងតាំងថ្មី បានបញ្ជាក់ថា លោកនឹងប្តេជ្ញាចិត្តដឹកនាំស្ថានប័នមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត។ លោកប្ដេជ្ញាថា នឹងស្មោះត្រង់នឹងអង្គព្រះមហាក្សត្រ ចូលរួមបម្រើរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើមផងដែរ។

ឯកឧត្តម កែវ សត្ថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តកែប ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើរដ្ឋ និងប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ លោកអភិបាលខេត្ត បន្តទៀតថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការសាធារណៈ ជាការងារធម្មតាធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឲ្យមានកំណែទម្រង់ ក្នុងប្រព័ន្ធការងារឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រ ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ឯកឧត្តម ខៀវ កញារីទ្ធ បានណែនាំ ក៏ដូចជាក្រើនរំលឹកដល់ប្រធានមន្ទីរព័ត៌ទាំងអស់ថា ការងារព័ត៌មាន២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង១សប្តាហ៍ គ្មានពេលត្រូវឈប់សម្រាកទេ។ ដូច្នេះមន្ត្រី និងប្រធានមន្ទីរព័ត៌មាន ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់សម្រាប់ជាស្ពានចម្លងព័ត៌មានពីពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពសង្គមនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តទៀតថា ដើម្បីឲ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរ ត្រូវអនុវត្តនូវចំណុចសំខាន់ចំនួន៣៖
*ទី១៖ ប្រធានមន្ទីរត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន មន្ទីរនានាជុំវិញខេត្តរបស់ខ្លួនឲ្យបានល្អ។
*ទី២៖ ប្រធានមន្ទីរត្រូវកំណត់រៀបចំការប្រជុំជាទៀតទាត់ជាមួយនឹងមន្ត្រីក្រោមឧវាទ ឲ្យបានញឹកញាប់ ហើយបើអាចត្រូវធ្វើការប្រជុំរាល់ព្រឹកដើម្បីរៀបចំផែនការ ថាតើត្រូវធ្វើអ្វីខ្លះ? តើមានរឿង ឬព្រឹត្តិការណ៍អ្វី ដែលបាននិងកំពុងកើតឡើងក្នុងខេត្តជាដើម។
*ទី៣៖ ប្រធានមន្ទីរត្រូវចេះប្រមូលផ្តុំ សាមគ្គីគ្នា ពិសេសត្រូវចេះគ្រប់គ្រងចាត់ចែង មន្ត្រីធ្វើការឲ្យបានត្រឹមត្រូវតាមជំនាញរបស់ពួកគេ ដោយមិនចាំបាច់ទាល់តែប្រធានចេះគ្រប់សព្វនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ឬប្រទេសសេរី គឺគេត្រូវការបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ហើយដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តិទៅបានល្អ ពលរដ្ឋត្រូវការដឹងព័ត៌មាន ថាតើសង្គម ឬបុគ្គលថ្នាក់ដឹកនាំណាម្នាក់បានធ្វើអ្វីខ្លះ? ការដឹកនាំមានចារឹកលក្ខណៈបែបណា? តើប្រជាពលរដ្ឋអាចជឿទុកចិត្តបានដែរឬអត់? លោកសរុបថា សារព័ត៌មានសំខាន់ខ្លាំងណាស់ សារព័ត៌មានជាកញ្ចុះឆ្លុះបញ្ជាំងពីទិដ្ឋភាពជាក់ស្តែងសង្គម អរិយធម៌ វប្បធម៌ ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ៕