ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ និងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ បានធ្វើការចុះត្រួតពិនិត្យដល់ទីតាំងអនុគម្រោង


នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ និងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ (Cash for Work Programme for Rural Development and Livelyhood Enhance Project, CFWPRDLEP) ដោយមានការសហការពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ញឺន កួន បានធ្វើការចុះត្រួតពិនិត្យដល់ទីតាំងអនុគម្រោងដូចខាងក្រោម ៖

១- ចុះពិនិត្យទីតាំងដែលមន្ទីរ បានស្នើសុំតបណ្តាញអគ្គិសនី និងស្ថានីយ៍បូមទឹកដោយប្រើម៉ូទ័រ ចំនួន ០១កន្លែង នៅចំណុចស្ពានឆ្លងកាត់ស្ទឹងទឹកជុំ ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល សម្រាប់ជួយសង្រ្គោះស្រូវវស្សាចំនួន ៦០០ហិកតា ក្នុងពេលកូនរដូវប្រាំង

២- ចុះពិនិត្យទីតាំងដែលមន្ទីរ បានស្នើសុំតបណ្តាញអគ្គិសនី និងស្ថានីយ៍បូមទឹកដោយប្រើម៉ូទ័រ ចំនួន ០៧កន្លែង ក្នុងតំបន់ប្រឡាយមេស្ទឹងស្រែង១ (Sta.3+500, 4+500, 10+000, 12+000, 13+000, 14+0000 និង Sta. 15+000) ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ សម្រាប់ជួយសង្រ្គោះស្រូវវស្សា និងប្រាំងចំនួន ២៥០០ហិកតា ក្នុងពេលកូនរដូវប្រាំង

សូមបញ្ជាក់ជូនថា មកដល់ពេលនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគម្រោង CFWPRDLEP ក្នុងជំហានទី១ សរុបទាំងអស់ចំនួន ១៦២អនុគម្រោង ក្នុងនោះលទ្ធផលដែលសម្រេចបាន ៨២% នៃអនុគម្រោងសរុបទាំងអស់ និងបានគ្រោងលើកផែនការបន្តសម្រាប់ជំហានទី២ ចំនួន ១៨០ អនុគម្រោងបន្ថែមទៀត ៕