រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន


(មណ្ឌលគិរី)៖ «យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ នេះនៅអំឡុងពេលឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានាជួបសំណេះសំណាល ជាមួយសហគមន៍ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោងរ៉េដបូកនៃដែនជម្រក សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រភូមិពូជូ ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រជាសហគមន៍និងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា អង្គការដៃគូរួមមានអង្គការ WCS និង WWF នៅកម្ពុជា រួមនឹងប្រជាសហគមន៍ដែលបានចូល រួមការពារនិងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្រប ខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកា សរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយ តបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

សូមគូសបញ្ជាក់ថា រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១) ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល (Result-Based Payment)។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាបលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថានចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ ២០២៥ និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀតឱ្យអស់ពីតំបន់ការពារធម្មជាតិដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំការពារផ្សេងៗទៀត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការ ពារខ្លួនពីជំងឺ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើមដើម្បីផាសុកភាពសម្រាប់ការរស់នៅ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានប្រកាសតំណាងសហគមន៍នានាថាក្រសួងបរិស្ថានមានមូលនិធិបរិស្ថាននិងសង្គមដើម្បីផ្តល់ការគាំទ្រលើការងារអភិវឌ្ឍសហគមន៍ ដែលពួកគាត់អាចដាក់ពាក្យស្នើសុំដើម្បីយកទៅប្រើប្រាស់សម្រាប់ការពារសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ប្រសិនបើបងប្អូនប្រជាសហគមន៍មាន គោលដៅច្បាស់លាស់ រាជរដ្ឋាភិបាលនឹងគាំទ្រកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍសហគមន៍ ដើម្បីធ្វើយ៉ាង ណាឱ្យសហគមន៍របស់យើងមានជីវភាពរីកចម្រើន។ ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅពេលនេះ ធ្វើយ៉ាងណា យើងនាំគ្នាជួយជំរុញនិងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន»។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថាជាមួយ នឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។

ឯកឧត្តម សាយ សំអាល់ បានថ្លែងចំពោះមុខប្រជាសហគមន៍ថា៖ «ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិធ្វើឡើងដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបីនិងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។ ឯកឧត្តមបានថ្លែងថា៖ «ខ្ញុំជឿជាក់ថាបងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីអនាគត សហគមន៍ និងសូមលើកទឹកចិត្តអាជ្ញាធរខេត្តសហការឱ្យបានស្អិតរមួត និងសម្របសម្រួលជាមួយក្រសួងបរិស្ថាន និងសហគមន៍ដើម្បីអនុវត្តគម្រោងនានាអភិវឌ្ឍសហគមន៍»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សាយ សំអាល់ មុននឹងបញ្ចប់ដោយគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានចង់ឃើញស្នាមញញឹម សាមគ្គីភាពរបស់បងប្អូនប្រជាសហគមន៍កាន់តែរឹងមាំ កូនៗរបស់បងប្អូនប្រជាពលរដ្ឋសិក្សាបានជ្រៅជ្រៅ រៀបចំសេដ្ឋកិច្ចសហគមន៍មានការរីកចម្រើន និងធនធានធម្មជាតិត្រូវបានការពារបានល្អប្រសើរសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»៕