នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)» ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងតំណាងដៃគូអភិវឌ្ឍសរុបប្រមាណ ៣៥០រូប។
គោលបំណងសំខាន់ នៃការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់នេះរួមមាន៖
*ទី១ ៖ ផ្សព្វផ្សាយនូវការដាក់ឱ្យអនុវត្តសាក-ល្បងនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស និងទូទាត់ត្រង់ ដែលមានវេទយិតភាពទាបក្នុងក្រប-ខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២០នេះ និងបន្តជំរុញការអនុវត្តទៅកាន់ក្រសួង-ស្ថាប័នផ្សេងៗទៀតនៅឆ្នាំបន្តបន្ទាប់
*ទី២ ៖ ប្រមូលធាតុចូលគន្លឹះបន្ថែមពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍលើការរៀបចំផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារឆ្នាំ២០២០-២០២៥ ឱ្យកាន់តែល្អ និងគ្រប់ជ្រុងជ្រោយ និង បន្ស៊ីគ្នាជាមួយនឹងផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរប្រកបដោយភាពប្រទាក់ក្រឡាគ្នា មុននឹងអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២០នេះ។
ថ្លែងបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួជាស្ថាប័ននាំមុខ និងដំបូងគេ ក្នុងការអនុវត្តនីតិវិធីតម្រង់ ទិសថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ ដោយចាប់ផ្ដើមពីនីតិវិធីទូទាត់ចំណាយបៀវត្សជូនមន្រ្តីរាជការស៊ីវិល និងការទូទាត់ត្រង់ រួមជាមួយនឹងការគិតគូរកាត់សម្រួលលើ ឯកសារភ្ជាប់ជាក្រដាស (Hard Copy) ដោយឈរលើមូលដ្ឋាន «កែសម្រួលមុខងារ, តួនាទី និងភារកិច្ចរបស់មន្រ្តី ពីការធ្វើការងារដដែលៗជាន់គ្នា ទៅជាការងារដែលផ្តល់តម្លៃបន្ថែមជាក់លាក់ និង បន្តពង្រីកទៅកាន់ក្រសួង-ស្ថាប័នជាបន្តបន្ទាប់»។
ដោយប្រព័ន្ធ FMIS ដើរតួរជាឧបករណ៍មូលដ្ឋានដ៏មានប្រសិទ្ធភាព ជួយជំរុញឱ្យសម្រេចបាននូវគណនេយ្យភាព, តម្លាភាព និងការគ្រោង, ការបែងចែក និងប្រើប្រាស់ថវិកាជាតិ ឱ្យចំគោលដៅអាទិភាពសំខាន់ៗនោះ លោកបណ្ឌិតសភា-ចារ្យ ហ៊ាន សាហ៊ីប ក៏បានផ្តល់នូវទស្សនាទានគន្លឹះមួយចំនួន ជូនដល់អ្នកចូលរួមទាំងអស់ ដែលមកពីក្រសួង-ស្ថាប័ន ក្នុងការត្រៀមខ្លួនចូលរួមចំណែក និងអនុវត្តសកម្មភាពនានា ក្នុងការកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារ ប្រកបដោយភាពរលូន និងទាន់សភាពការណ៍ រួមមាន៖
*ទី១ ៖ ព្យាយាមឈ្វេងយល់ឱ្យបានច្បាស់ពីនីតិវិធីអនុវត្តការងារទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីត្រៀមខ្លួនប្រកបដោយបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS ស្របផែនការសកម្មភាពដែលក្រុមការងារបានរៀបចំ និងបង្ហាញជូន។
*ទី២ ៖ ត្រៀមខ្លួនក្នុងការទទួលយក និងចូលរួមអនុវត្តនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស ជាមូលដ្ឋាន និងជាគំរូ សម្រាប់ត្រៀមគិតគូរលើការកែសម្រួល នីតិវិធីអនុវត្តការងារទូទាត់ចំណាយផ្សេងៗទៀត តាមរយៈការត្រៀមរៀបចំចាត់ចែងលើការផ្ដល់សិទ្ធិ និងប្រតិភូកម្មអំណាចលើការអនុម័ត ជូនដល់មន្ត្រីដែលត្រូវអនុវត្តតាមប្រព័ន្ធ FMIS និង ពង្រឹងសមត្ថភាពមន្រ្តីផ្ទៃក្នុងឱ្យមានសមត្ថភាពពេញលេញទាំងការងារប្រើប្រាស់ប្រព័ន្ធ FMIS, ជំនាញបច្ចេកទេសផ្នែកគ្រប់គ្រង និងអនុវត្តថវិកា, ជំនាញគណនេយ្យ និងជំនាញថ្មីៗ ដែលនឹងត្រូវរៀបចំផ្ដល់ជូនក្នុងក្របខណ្ឌអនុវត្តម្រោង FMIS ព្រមទាំងការប្រើប្រាស់យន្តការក្រុមការងារអនុវត្តគម្រោង FMIS របស់ក្រសួង-ស្ថាប័ន និងអង្គភាពក្នុងការជួយដោះស្រាយបញ្ហា នៅកម្រិតបឋម លើការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់តែមានប្រសិទ្ធភាព។
*ទី៣ ៖ បន្តផ្តល់កិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទៅតាមដំណាក់កាល ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ។
*ទី៤ ៖ សូមចាប់ផ្ដើមប្រើប្រាស់ព័ត៌មាននៃការអនុវត្តថវិកា និងហិរញ្ញវត្ថុតាមរយៈរបាយការណ៍ផលិតចេញពីប្រព័ន្ធ FMIS ដោយផ្ទាល់ទោះបីជាមានការខុសទម្រង់ឬតួលេខពីរបាយការណ៍ខាងក្រៅ ប្រព័ន្ធ ក៏ដោយ ព្រោះព័ត៌មាពីប្រព័ន្ធគឺផ្អែកលើទិន្នន័យច្បាស់លាស់ ដែលបានធ្វើប្រតិបត្តិការដោយក្រសួង-ស្ថាប័ន និង អង្គភាពថវិកាផ្ទាល់ ដោយពុំមានការប៉ះពាល់ ឬ កែបន្លំដោយគ្មានគណនេយ្យភាពនោះឡើយ ហើយបើពុំចាប់ផ្ដើមប្រើប្រាស់ព័ត៌មានពីប្រព័ន្ធនោះទេក៏យើងពុំមានថ្ងៃទទួលស្គាល់ឬដឹងអំពីកំហុសឆ្គងដែលយើងបានទទួលកន្លងទៅ ពីរបាយការណ៍ខាងក្រៅប្រព័ន្ធ ឬ ការខ្វះខាតនានានៅក្នុងប្រព័ន្ធឡើយ។
*ទី៥ ៖ ចូលរួមប្រើប្រាស់នូវ «ប្រព័ន្ធជំនួយគាំទ្រ» ហៅថា «PK-The Helper» ដើម្បីជួយដោះស្រាយបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS រួមទាំងសំណើកែលម្អ, ស្ថាបនា និង រៀបចំរបាយការណ៍នានា ដែលអ្នកប្រើប្រាស់យល់ឃើញថាគួរគិតគូរក្នុងការជួយឱ្យប្រព័ន្ធ FMIS កាន់តែមានភាពប្រសើរឡើង និង មានប្រសិទ្ធភាពខ្ពស់។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រជាប្រចាំរបស់ដៃគូអភិវឌ្ឍទាំងអស់ ជាពិសេស សហភាពអឺរ៉ុប, ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាដៃគូដ៏ជិតស្និទ្ធ និង ជាអ្នកគាំទ្រដ៏សំខាន់ ក្នុងកិច្ចការងារកែម្រួល និង តម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS នេះ៕