ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញផែនការជាច្រើន ដើម្បីអភិវឌ្ឍន៍កីឡាការ៉ាតេ ត្រៀមស៊ីហ្គេម-២០២៣


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន និងប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុង ១ឆ្នាំ ៥ម៉ឺនដុល្លារ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។

នេះបើតាមការថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ បន្ដអាណត្តិទី៩ ឆ្នាំ២០២០-២០២៤ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្របពេលឯកឧត្តមឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានទទួលការគាំទ្រពីសមាជិកបន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី។ ក្នុងឱកាសនោះ ក៏មានការចូលរួមធ្វើជាសាក្សីពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានថ្លែងថា ក្រោយឯកឧត្តមដឹកនាំសហព័ន្ធ ១អាណត្តិកន្លងទៅ គោលការណ៍អាទិភាពចំនួន៤ ដែលលោកបានដាក់ចេញ គឺបានអនុវត្តន៍ជោគជ័យ រួមមានការរៀបចំកសាងមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលកីឡាការ៉ាតេ ការរៀបចំក្រុមជម្រើសជាតិប្រកបដោយគុណវុឌ្ឍ ការពង្រឹងយន្ដការគ្រប់គ្រង និងដឹកនាំ និងការស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ។ ប៉ុន្ដែដើម្បីធានាការអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព លោកបានដាក់ចេញនូវបេសកកម្ម និងភារកិច្ចចម្បងៗចំនួន៥ ទៀត។

បេសកកម្ម និងភារកិច្ចថ្មី ដែលប្រធានសហព័ន្ធខាងលើបានដាក់ចេញរួមមាន «ទី១-អភរក្ស និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាការ៉ាតេ ដើម្បីធ្វើសុខដុមនីយកម្មមហាគ្រួសារកីឡាការ៉ាតេកម្ពុជា និងអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេប្រកបដោយនិរន្ដរភាព។ ទី២-ធ្វើប្រជាប្រិយភាវូបនីយកម្មកីឡាការ៉ាតេក្នុងសង្គមជាតិ។ ទី៣-ពង្រឹងអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រង និងដឹកនាំ។ ទី៤-ជំរុញល្បឿនអភិវឌ្ឍន៍បច្ចេកទេសកីឡាការ៉ាតេកម្រិតខ្ពស់ និងទី៥-បង្កើតមូលនិធិកីឡាការ៉ាតេ ដើម្បីកៀរគរចំណូល សម្រាប់ទ្រទ្រង់សកម្មភាព និងការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា»

លើសពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងកិច្ចដំណើរការរបស់សហព័ន្ធនៅអាណត្តិទី៩ ក្នុងនាមប្រធានសហព័ន្ធ ខ្ញុំបានពិនិត្យ និងសម្រេចលើកិច្ចការសំខាន់ៗជាអាទិ៍ ដោយបង្កើតគណៈកម្មការចំនួន៥ រួមមានទី១-គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ ទី២-គណៈកម្មការបច្ចេកទេស, ទី៣-គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាការ៉ាតេជាតិ និងអន្ដរជាតិ, ទី៤-គណៈកម្មការវិន័យ និងដោះស្រាយវិវាទ និងទី៥-គណៈកម្មការអាជ្ញាកណ្ដាល ចៅក្រមកីឡាការ៉ាតេ»

ទន្ទឹមជាមួយគ្នាឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ដែរថា ដោយផ្នែកតាមផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់ប្រភេទកីឡាប្រយុទ្ធ ដើម្បីដណ្តើមជយលាភី និងឧត្តមភាពក្នុង SEA Games 2023 ត្រូវយកចិត្តទុកដាក់អភិវឌ្ឍយុទ្ធសាស្រ្តគន្លឹះចំនួន២ ទី១-ត្រូវអភិវឌ្ឍកីឡាការិនីឲ្យបានច្រើនទាំងបរិមាណ និងគុណភាពដែលកីឡាការិនីងាយស្រួលដណ្តើមមេដាយ និងមានកីឡាការិនីតិចតាមវិញ្ញាសានីមួយៗនៃប្រទេសចូលរួម។ ទី២-ត្រូវរៀបចំប្រភេទវិញ្ញាសាទម្ងន់ធ្ងន់គ្រប់កីឡាប្រយុទ្ធទុកជាយុទ្ធសាស្រ្តសំខាន់មួយដែលបណ្តាប្រទេសជាសមាជិកស៊ីហ្គេម ពុំសូវមានកីឡាករ កីឡាការិនីទម្ងន់ធ្ងន់ចូលរួម។

គួរបញ្ជាក់ថា សមាជិកប្រតិបត្តិសហព័ន្ធ អាណត្តិទី៩ គឺមាន ២១នាក់ ដោយលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន និងអនុប្រធាន ៦នាក់ មានលោក លឹម គានហោ, លោក ជូ វិជិត្ដ, លោក សុក ស៊ីផាន់ណា, លោក សាមឺឌី ស៊ីវឌ្ឍនា, លោក ហាវ រតនៈ និងលោក សាយ ណូរ៉ា។ រីឯលោក វ៉ាត់ ចំរើន បន្ដធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ៤រូប មានលោក ណុប វឌ្ឍថារ៉ូ, លោក ម៉ិញ បានកុសល, លោក អ៊ិក សុខមនី និងលោក ដែក ភារៈ។ ចំណែកលោក កែវ បេងវឌ្ឍន៍ ជាអគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ៤រូប មានលោក អ៊ឹម សិទ្ធីរ៉ា, លោក ជាប ដាវុធ, លោក ប៉ូ វឌ្ឍសុខ និងលោក រ័ត្ន មុនី ព្រមទាំងសមាជិក ៤រូបទៀត៕