សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅ សាលាខណ្ឌកំបូល


ព្រឹកថ្ងៃអង្គារ៍ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ខែមករា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ … ។
មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរខណ្ឌ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាពមុខរបរ ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានព្រឹទ្ធសភាបានផ្តោតការយកចិត្តទុកដាក់ និងលើកសរសើរចំពោះមន្រ្តី និងអាជ្ញាធរខណ្ឌដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តខណ្ឌដែលទើបបង្កើតឡើងថ្មីនេះ ជាពិសេសលើកសរសើរលើបញ្ហាផ្តល់សេវាសាធារណៈជូនប្រជាជន និងបញ្ហា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានបានល្អ និងប្រកបដោយសុខសុវត្ថិភាព។
សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗលើគ្រប់
វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការខិតខំរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ពីផ្នែកឯកជន ពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផលដូចសព្វថ្ងៃ…។ចំពោះបញ្ហាប្រឈម ការខ្វះខាត និងបាតុភាពអសកម្មមួយចំនួន គឺតែងតែនៅមានសេសសល់…ដែលទាំងនេះគឺជាប្រធានបទក្តៅ ដែលរាជរដ្ឋាភិបាល ក្រសួងជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់សុទ្ធតែកំពុងអនុវត្តនូវកំណែទំរង់ស៊ីជំរៅលើគ្រប់វិស័យ ដើម្បីដោះស្រាយទប់ស្កាត់លុបបំបាត់ឲ្យស្ថិតនៅក្នុងកម្រឹតតិចតួចហើយដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនដែលនាំឲ្យគាត់បាត់ជំនឿលើការដឹកនាំរបស់យើង…។
មុនបញ្ចប់ សម្តេចបានក្រើនរំលឹក ៖
– បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងដោយមិនរើសអើង
និងប្រកបដោយតម្លាភាព ហើយឆាប់រហ័ស …។
– ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំទប់ស្កាត់ លុបបំបាត់ ដើម្បីកាត់បន្ថយ បទល្មើស(ជាពិសេសសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន) និងភាពអសកម្មនានាឲ្យនៅតិចតួចបំផុត និងខិតខំដោះស្រាយបញ្ហាប្រឈម ទុក្ខលំបាករបស់ប្រជាជនឲ្យបានកាន់តែច្រើន …។
– ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អ និងរឹងមាំ…ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃការឆ្លង និងចម្លងជម្ងឺរលាកសួតប្រភេទថ្មី ដែលកំពុងកើតមានរាប់ពាន់ករណីនៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលជាច្រើនករណីទៀតនៅបណ្តាប្រទេសធំៗ…សូមអាជ្ញាធរគ្រប់ថ្នាក់ចាប់អារម្មណ៍តាមដាននូវសេចក្តីប្រកាសព័ត៌មាន សេចក្តីណែនាំថ្មីៗ សារអប់រំសុខភាពសំខាន់ៗរបស់ក្រសួងសុខាភិបាលសម្រាប់កិច្ចការពារសុខភាពពីការឆ្លងជម្ងឺនេះ ហើយបន្តផ្សព្វផ្សាយ អប់រំ ណែនាំឲ្យបានទូលំទូលាយ
និងឆាប់រហ័សដល់គ្រប់មជ្ឈដ្ឋានប្រជាជនយើងនៅឯមូលដ្ឋាន…៕