អភិបាលខេត្តឧត្តរមានជ័យ បន្តចុះចែកម៉ាស់ជូនពលរដ្ឋនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកអន្តរជាតិជាំសាង៉ាំ ដើម្បីការពារជំងឺរលាកសួតថ្មី កូរ៉ូណា


(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកវេជ្ជបណ្ឌិត ឃ្លោក ហ៊ួត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីរាជការតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនទៀត បានចុះទៅចែកម៉ាស់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកអន្តរជាតិជាំសាង៉ាំ ក្នុងគោលបំណងចូលរួមការពារការចម្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា រហូតមកដល់ពេលនេះក្រុមការងារបានចែកម៉ាស់អស់ជិត ៣,០០០ម៉ាស់ហើយ។ ជាមួយគ្នានេះ លោកបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ពិសេសនៅរាល់ពេលឆ្លងដែនចេញចូលប្រទេសថៃ ឫនៅទីប្រជុំជននានា ត្រូវពាក់ម៉ាស់ជាប់ជានិច្ច។ ឯកឧត្តមបញ្ជាក់ថា «ការពារប្រសើរជាងព្យាបាល»

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសកម្ពុជា ទើបមានករណីឆ្លងវីរុសកូរ៉ូណា តែម្នាក់ប៉ុណ្ណោះទៅលើជនជាតិចិន នៅខេត្តព្រះសីហនុ។

កាលពីព្រឹកមិញរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានបដិសេធផងដែរ ចំពោះព័ត៌មានដែលថា មានជនជាតិចិន២នាក់ ឆ្លងជំងឺរលាកសួត កូរ៉ូណា នៅខេត្តកោះកុង ករណីនេះមិនមែនជាការពិតនោះទេ៕