ថៃចាប់អារម្មណ៍តម្លើងរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពេលឆាប់ៗនេះ!


(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យប្រតិភូដឹកនាំដោយលោក Nathapong Korom នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព្រីសាយស៏ «PRECISE ELECTRIC MANUFACTURING Co.,Ltd» ដែលមានមូលដ្ឋាននៅខេត្តផាធុមថានី ប្រទេសថៃឡង់ដ៏ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញការត្រៀមតម្លើងរោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងជំនួបខាងលើ ត្រូវបានធ្វើឡើង នៅសាលបន្ទប់ធ្វើការផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ដោយបានការចូលរួម ពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងទីចាត់ការជំនាញផ្សេងទៀត ចំណុះឱ្យរដ្ឋបាលសាលាខេត្តពោធិ៍សាត់។

លោក Nathapong Korom នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព្រីសាយស៏ «PRECISE ELECTRIC MANUFACTURING Co.,Ltd» សូមថ្លែងអំណរគុណ ចំពោះការផ្តល់ពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោក Nathapong Korom បានឱ្យដឹងថា តាមរយៈជំនួបជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពីពេលកន្លងទៅ, ក្រុមហ៊ុនរបស់លោក ពិតជាមានទំនុកចិត្តចង់វិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដោយពិនិត្យឃើញថា ខេត្តនេះពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដ៏ទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។

លោក Nathapong Korom បន្តថា នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងចាប់ផ្តើមតម្លើងរោងចក្រនេះជាផ្លូវការ ដូច្នេះ សូមស្នើ ដល់លោកអភិបាលខេត្ត មេត្តាសម្របសម្រួលការងារ និងបញ្ហាប្រឈមមួយចំនួនជូន ដើម្បីឱ្យកិច្ចដំណើរការសាងសង់នេះ ប្រព្រឹត្តទៅដោយរលូន។ លោកនាយកគ្រប់គ្រងទូទៅ បានជម្រាបជូនថា ក្រោយសាងសង់រួច សម្រាប់ដំណើរការឆ្នាំដំបូង ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម ប្រហែល៣៩នាក់ អន្តរជាតិ៣នាក់ ហើយនៅឆ្នាំបន្តបន្ទាប់ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម ប្រហែល៥៨នាក់ អន្តរជាតិ៤នាក់ ក្នុងនោះមានវិស្វករអគ្គិសនី ផ្នែកត្រួតពិនិត្យម៉ាស៊ីន និងកម្មករខ្លះដែរ។

ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជួសមុខឱ្យឯកឧត្តម កែវ រតនៈ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដែលក្រុមហ៊ុនមានបំណង មកបណ្តាក់ទុន នៅលើទឹកដីនៃខេត្តពោធិ៍សាត់។ ជាមួយគ្នានោះលោកបានសន្យាថា នឹងផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនេះ ហើយអ្វីដែលខេត្តបង្កលក្ខណៈឱ្យនោះ គឺខេត្តមានបំណងចង់ ឱ្យក្រុមហ៊ុនសាងសង់ ឱ្យបានលឿនស្របតាមលក្ខណៈបច្ចេកទេស និងបង្កើតឱ្យមានទីផ្សារការងារជូនក្មួយៗនៅក្នុងមូលដ្ឋាន ឱ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្ថែមថា យ៉ាងមិញគ្រប់គម្រោងវិនិយោគ នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អាចឈរជើងបាន គឺដោយសារកត្តាសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃនេះ។

ឯកឧត្តម ម៉ៅ ធនិន បានស្នើដល់លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព្រីសាយស៏ សូមជ្រើសរើសគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលជំនាញ ដល់និស្សិត នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសូមឱ្យជ្រើសរើសពួកគេដែលមានសមត្ថភាពជាមុន ដើម្បីមានឱកាសចូល ទៅបម្រើការងារក្នុងរោងចក្រ៕