អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសិក្សាលទ្ធភាព កែប្រែផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវកៅស៊ូជិត ២០គីឡូម៉ែត្រ នៅស្រុកព្រៃឈរ និងស្រុកចំការលើ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសិក្សាលទ្ធភាព ដើម្បីអភិវឌ្ឍនកែប្រែផ្លូវក្រាល គ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ចំនួន៣ខ្សែ មានប្រវែងជិត ២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ផ្លូវខ្សែទី១ មានប្រវែង១៣,៥០០ម៉ែត្រ ចាប់ពីផ្សារគរ ស្ថិតនៅក្នុងភូមិគរ ឃុំគរ ភូមិអណ្ដូងស្ដៅ ភូមិត្រាំង ភូមិលិចវត្ត ភូមិអណ្ដូងតាពេជ្រ ភូមិថ្មពូនកណ្ដាល ភូមិទួលថ្ម ភូមិអូរតាថុក ស្ថិតនៅក្នុងឃុំថ្មពូន ភូមិថ្មីស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ។ ផ្លូវមួយខ្សែនេះ កំពុងស្ថិតនៅក្នុងការពិនិត្យ និងសិក្សានៅឡើយ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរពិនិត្យផ្លូវក្រាលកៅស៊ូ DBST មួយខ្សែប្រវែង៣,៦០០ ម៉ែត្រ ទទឹង៧ ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ដែលកំពុងសាងសង់បានប្រហែល៨៥% ហើយ ដោយផ្លូវមួយខ្សែនេះនឹងកសាងរួចរាល់១០០% នៅក្នុងកំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានជំរុញឱ្យអ្នកទទួលការសាងសង់ មានការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យការសាងសង់ត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេស និងដើម្បីឱ្យផ្លូវខាងលើធានាបាននូវការប្រើប្រាស់គង់វង្សយូរអង្វែង។

ក្រោយបញ្ចប់ការពិនិត្យ សិក្សាផ្លូវ២ខ្សែខាងលើ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរពិនិត្យ និងសិក្សាផ្លូវមួយខ្សែទៀត ដែលមានប្រវែងជាង៦ គីឡូម៉ែត្រ តភ្ជាប់ពីឃុំក្រូច ស្រុកព្រៃឈរ ដល់ឃុំបុសខ្នុរ ស្រុកចំការលើ ដោយឆ្លងកាត់ភូមិចំនួន៤ គឺមានភូមិប្រសើរ ភូមិក្រវ៉ាន់ ភូមិសារ៉ាយ និងភូមិបុសខ្នុរ ស្ថិតនៅក្នុងឃុំបុសខ្នុ រស្រុកចំការលើ ផងដែរ៕