ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និង ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យដារលាន ស្ថិតនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី


ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ នៅរសៀលថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យដារលាន ដែលត្រូវបានរៀបចំធ្វើឡើងនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បុណ្យដារលាន គឺជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរ តែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ ក្នុងគោលបំណងរំលឹកដឹងគុណដល់ទឹក ដី និងអាកាសធាតុ ដែលបានអនុគ្រោះដល់ការបង្កបង្កើនផលឱ្យទទួលទិន្នផលល្អ ដោយអភិរក្សបាននូវប្រពៃណី ទំនៀមទម្លាប់ ជំនឿតាំងពីបុព្វបុរស រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែរក្សា និងរៀបចំធ្វើបុណ្យដារលាន ឬឱ្យឈ្មោះម្យ៉ាងទៀតថា «បុណ្យពូនភ្នំស្រូវ» ជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់ការប្រមូលផល។

សូម​ជម្រាបជូន​ថា​ ពិធី​បុណ្យដារលាន នេះ​មាន​អត្ថន័យ៖

​ទី​១-​ជា​ពិធីបុណ្យ​មាន​ទំនាក់ទំនង​ទៅ​នឹង​ទំនៀម​ទំលាប់ ជំនឿ​សាសនា​ដែល​ប្រជាកសិករ​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​នេះ ហើយ​នាំគ្នា​ប្រារព្ធ​ពិធី​តាម​រដូវ​កាល ជំនឿ និង​ធនធាន​។ គេ​អាច​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ អន្តរ​ភូមិ ឬ​អន្តរ​ឃុំ​ក្នុង​គោលបំណង​ចំបង​គឺ​រក្សា​នូវ​អត្ដ​សញ្ញាណ​របស់​ប្រជា​កសិករ​នៅ​តាម​តំបន់ និង​ដើម្បី​ជួយ​ថែរក្សា​កេរ្តិ៍មរតក​វប្បធម៌​ដ៏​ប្រពៃ​តាំងពី​យូរ​យង់ ជាពិសេស​រក្សាបាន​នូវ​អត្ដ​សញ្ញាណ​ព្រលឹង​ជាតិខ្មែរ​ឱ្យបាន​គង់វង្ស​។​

ទី​២-​ពិធីបុណ្យ នេះ​បាន​បង្កប់​នូវ​អត្ថន័យ​ទាក់ទង​និង​វិស័យ​កសិកម្ម​ដូច​ជា​ការគោរព​ដឹងគុណ​ចំពោះ​ម្ចាស់​ទឹក ម្ចាស់​ដី និង​វត្ថុ​ស័ក្តិសិទ្ធិ ការអប់រំ​ឱ្យ​ប្រជាកសិករ​ចេះ​ស្រឡាញ់​ស្រូវ​ឱ្យ​ដូច​ស្រឡាញ់​ម្តាយ និង​ជីវិត​ខ្លួនឯង​ដូច​បុរម​បូរាណបាន​ពោល​ថា​ស្រូវ​ជា​ព្រះ​មេ ដែល​កសិករ​បាន​យកចិត្តទុកដាក់ ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត​គ្រប់បែប​យ៉ាង​មើលថែរក្សា​ទោះ​ស្ថិតក្រោម​កម្ដៅ​ព្រះអាទិត្យ​និង​ភ្លៀង​ផ្គរ​យ៉ាងណា​តាំងពី​ពេល​ដាំ​ដុះ​រហូតដល់​ពេល​ប្រមូល​ផល​ដាក់​ក្នុង​ជង្រុក​អស់​រយៈពេល​ពេញ​មួយ​រដូវ​បង្កបង្កើន​ផល​។ មួយវិញទៀត​ពិធី នេះ​បាន​បង្កើត​ឱកាស​ជូន​ប្រជាកសិករ​ឲ្យមក​ជួបជុំ​ញាតិមិត្ដ​ជិត​ឆ្ងាយ ផ្លាស់ប្ដូរ​និង​ប្រឹក្សា​យោបល់​គ្នា​អំពី​ការងារ​បង្កបង្កើនផល​នា​ឆ្នាំ​កន្លង ជាពិសេស​ដើម្បី​ពង្រីក​និង​ពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព និង​ភាតរភាព​ក្នុង​រង្វង់​គ្រួសារ​កសិករ​ខ្មែរ រួច​នាំ​គ្នា​កម្សាន្ដ​សប្បាយ​តាម​ប្រពៃណី​។ ក្រៅពីនេះ ពិធីបុណ្យ​ក៏​ជា​ឱកាស​សម្រាប់​កសិករ អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​ស្វែងយល់​អំពី​បទ​ពិសោធន៍​និង​បច្ចេកទេស​ថ្មីៗ​ពី​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ហើយក៏ មាន​ការតាំង​ពិ​ពណ៌​ផលិតផល​និង​គ្រឿងចក្រ​កសិកម្ម​ផងដែរ​៕