ព្រឹទ្ធសភា មានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម នៃ ប៉េណា


ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា មានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលមានរបៀបវារៈ ដូចខាងក្រោម៖
១. ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ ។
២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភាសុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ ។
៣- កំណត់របៀបវារៈកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ ស្ដីពីការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើរបស់ឯកឧត្តមប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្ម (គ២) និងស្ដាប់ការពិភាក្សាផ្ដល់យោបល់រួចមក បានយល់ព្រមតាមសំណើរបស់ គ២ និងសម្រេច កំណត់យកកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង០៨.០០ព្រឹក ដោយមានរបៀបវារៈ
១- ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ។
២ – ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ។