ក្រសួងរៀបចំដែនដី៖ សំណង់អគារទីស្តីការថ្មីនឹងបង្ហាញអត្តសញ្ញាណស្ថាបត្យកម្មខ្មែរក្នុងសមយ័យតេជោសន្តិភាព


(ភ្នំពេញ)៖ នៅថៃ្ងទី២៨ ខែមករា ឆាំ្ន២០២០ស្អែក អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនឹងចាប់ផ្តើមសាងសង់មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានកម្ពស់ ៥ ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា អគារថ្មីនេះ នឹងរៀបចំឱ្យមានចំណតរថយន្តប្រមាណ ៥០ កន្លែង ដោយសារអគារក្រសួងរៀបចំដែនដីសព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។

អគារទីស្តីការថ្មីនេះ នឹងមានសាលបដិសណ្ឋារកិច្ច , អាហារដ្ឋានសម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០ នាក់ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់។ ក្នុងនោះមានកន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈបណ្ណាល័យ កន្លែងកីឡា។

អ្វីដែលរឹតតែទាក់ទាញនោះ អគារទីស្តីការក្រសួងថ្មីនេះគ្រោងនឹងសាងសង់ឡើងតាមរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកថា សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័តេជោដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់។

សូមជម្រាបថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សព្វថៃ្ង នឹងត្រូវរាជរដ្ឋាភិបាលប្រគល់ឱ្យមន្ទីរក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីវិញ៕