ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី២


នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី២ ស្តីពីខ្សែសង្វាក់តំលៃស្បៀង នៅសណ្ឋាគារកាំប៊ូឌីយ៉ាណា ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនផងដែរ។ កិច្ចប្រជុំលើកទីពីរនេះ រៀបចំឡើងក្នុងគោលបំណង
១. ពិនិត្យអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យខ្សែសង្វាក់តំលៃផលិតកម្មស្បៀង
២. ផ្តល់ឱកាសដល់វិស័យឯកជនកម្ពុជា-ជប៉ុន និងស្ថាប័នរដ្ឋកម្ពុជា-ជប៉ុន ដើម្បីពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យខ្សែសង្វាក់តំលៃផលិតកម្មស្បៀង និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
៣. ពិភាក្សាអំពីយន្តការសម្របសម្រួលដោះស្រាយកិច្ចការដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងខ្សែសង្វាក់តំលៃផលិតកម្មស្បៀង។
ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿថាកិច្ចសន្ទនានាពេលនេះនឹងជាចំណុចគន្លឹះក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈកិច្ចសហការរវាងធុរៈកិច្ចជប៉ុនដែលមានបទពិសោធលើខ្សែសង្វាក់ផលិតកម្មកសិកម្ម និងវិស័យឯកជនកម្ពុជា ក្នុងការពង្រីកសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដើម្បីពង្រីកទីផ្សារប្រកួតប្រជែងទាំងក្នុងស្រុក និងក្នុងតំបន់ ប្រកបដោយគុណភាព និងបរិមាណ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើអោយអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ទៅលើការពិភាក្សាពីការកាត់បន្ថយចំណាយថ្លៃដើមកសិកម្ម និងពិពិធកម្មកសិកម្ម ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។