កម្ពុជា-ឡាវ ឯកភាពជំរុញរាល់ការងារទាំងឡាយដែលនៅសេសសល់


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា បន្តសហការគ្នា ជំរុញរាល់ការងារទាំងឡាយ ដែលនៅសេសសល់ជាបន្តទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ។

សម្តេចតេជោ បានអញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម សាលើម សៃ គុំម៉ាស៊ីត(Saleumxay KOMMASITH) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤ ខែមករានេះ។

ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម សាលើម សៃ គុំម៉ាស៊ីត បាននាំមកនូវការសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីស៊ូលីត ជូនសម្តេចតេជោ និងបានគោរពថ្លែងអំណរគុណតាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនឡាវជូនចំពោះសម្តេចតេជោ ដែលបានអញ្ជើញទៅសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល កន្លងមកនិងអរគុណចំពោះសម្តេចតេជោ ដែលបានជួយដល់ឡាវក្នុងការរៀបចំធ្វើឱ្យកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវក្នុងពេលកន្លងទៅ សម្រេចបានជោគជ័យ។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសឡាវបានជម្រាបជូនសម្ដេច ពីដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្ដមបានជម្រាបថា នៅក្នុងជំនូបរវាងឯកឧត្ដមផ្ទាល់ ជាមួយឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានយល់ស្របគ្នា ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យបានសម្រេចទៅតាមអ្វី ដែលប្រមុខរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នារួចមកហើយ។
ឯកឧត្ដមបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរផង។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការសាកសួរសុខទុក្ខរបស់នាយករដ្ឋមន្ត្រីឡាវ និងបានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ ពាក់ព័ន្ធនឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
សម្ដេចមាន ប្រសាសន៍ថា សម្ដេចមានការរីករាយយ៉ាងខ្លាំង ដោយបានអញ្ជើញទៅចូលរួមក្នុងពិធីសម្ពោធបើកអោយប្រើប្រាស់ច្រកទ្វារអន្តរជាតិ និងអគារត្រួតពិនិត្យត្រពាំងក្រៀល-ណងណុកខៀន និងបានសម្ដែងការរីករាយចំពោះទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងឡាវ ដែលមានការរីកចម្រើនជាបន្តបន្ទាប់៕