សម្តេចតេជោ ហ៊ុន សែន៖ ដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុននឹងឡើងយន្តហោះចេញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែកុម្ភៈ ឆ្នាំ២០២០, តាមរយៈ Facebook សម្តេចបានថ្លែងចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាទស្សនកិច្ច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េឲ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នាននេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ក៏នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ ឲ្យបានល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការសោកស្តាយចំពោះការអាក់ខានជួបបងប្អូនរស់នៅកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារតែម្តាយក្មេករបស់សម្តេច ស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់ ប៉ុន្តែលើកនេះ សម្តេចតេជោសង្ឃឹមថានឹងបានជួបបងប្អូនកូនក្មួយ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េជាក់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅព្រឹកថ្ងៃទី ៣ កុម្ភៈ នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី៣ – ៥ កុម្ភៈ ២០២០។

នៅក្នុងឱកាសនេះដែរ ខ្ញុំនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាកូរ៉េអោយកាន់តែល្អប្រសើរឡើង។ កិច្ចប្រជុំនេះ ក៏នឹងជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយ នៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត។

តាមពិតខ្ញុំត្រូវទៅកូរ៉េ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខាន ដោយសារតែម្តាយក្មេកខ្ញុំ ស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ ប៉ុន្តែលើកនេះសង្ឃឹមថានឹង បានជួបបងប្អូនកូនក្មួយដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េមិនខាន។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។ អរគុណសន្តិភាព»