ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម វ៉ាស៊ឹម សុរិយ៉ា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក Chamroen Ouch មន្ត្រីជាន់ខ្ពស់នៃកម្មវិធីគ្រប់គ្រងវិស័យសាធារណៈនិងអភិបាលកិច្ច ដោយមានការអមដំណើរពីលោកស្រី Agustina Musa អ្នកឯកទេសជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ។

ជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីស្វែងយល់អំពីការពង្រឹងកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការចំណាយរបស់ក្រសួងទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងជួយដល់ការកាត់បន្ថយភាពក្រីក្រ ពិសេសការកសាងផ្លូវថ្នល់ដែលអាចឱ្យប្រជាជននៅគ្រប់ច្រកល្ហកអាចធ្វើដំណើរទៅទទួលយកសេវាសាធារណៈបាន។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនភ្ញៀវអំពីការបង្កើតអង្គភាពថវិការបស់រដ្ឋបាលកណ្តាលចំនួនប្រាំបី ដែលជាសមិទ្ធផលមួយដ៏មានសារសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានភាពត្រឹមត្រូវបន្ថែមទៀត។

ជាមួយគ្នានោះផងដែរ លោក Chomroeun Ouch បានវាយតម្លៃខ្ពស់ចំពោះការបោះជំហានមួយថ្មីបន្ថែមទៀតក្រសួងដែលបានអនុវត្តនីតិវិធីវាយតម្លៃតាមដានការបំពេញការងាររបស់អង្គភាពក្រោមឱវាទ ដើម្បីគ្រប់គ្រងការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីជួយជំរុញឱ្យមានអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាជាតិ និងធនធានរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព៕