ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូអញ្ជើញទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំពិភពលោក ឆ្នាំ២០២០ របស់សហព័ន្ធសន្តិភាពសកល (UPF)


ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំប្រតិភូអញ្ជើញចាកចេញពី ប្រទេសកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល និងសាធារណរដ្ឋកូរ៉េ រយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលរួមកិច្ចប្រជុំពិភពលោក ឆ្នាំ២០២០ របស់សហព័ន្ធសន្តិភាពសកល (UPF)។

ប្រធានបទនៃកិច្ចប្រជុំរបស់សហព័ន្ធសន្តិភាពពិភពលោកនៅឆ្នាំនេះគឺ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» ដោយមានការអញ្ជើញចូលរួមពី ឥស្សរជនជាន់ខ្ពស់បច្ចុប្បន្ន ដែលជាអតីតប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រាប់ពាន់នាក់ មកពីបណ្ដាប្រទេសទាំង១៧០ នៅជុំវិញពិភពលោក ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏អញ្ជើញចូលរួមផងដែរ។

កិច្ចប្រជុំកំពូលពិភពលោកសម្រាប់ឆ្នាំ២០២០នេះ និងមានសន្និបាតជាផ្លូវការ នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលអន្តរជាតិ ដើម្បីសន្តិភាព (ISCP) ដែលជាសមាគមបណ្ដុំ ទៅដោយឥស្សរជនល្បីៗ ដែលជាអតីតប្រមុខរដ្ឋ និងមន្ត្រីរដ្ឋាភិបាលក្នុងពិភពលោក ដែលបានប្ដេជ្ញាចិត្តដើម្បីពិភាក្សា និងសហការគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍមនុស្ស។ លើសពីនេះ កិច្ចប្រជុំនេះនឹងមានសន្និបាតជាសាកលមួយ របស់សមាគមអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ហើយក៏មានពិធីប្រគល់រង្វាន់សន្តិភាព ស៊ុនហាក់ លើកទី០៤ ផងដែរ។

កិច្ចប្រជុំសហព័ន្ធសន្តិភាពសាកល (UPF) ធ្វើឡើងក្នុងគោលបំណង បញ្រ្ជាបការយល់ដឹងឲ្យបានកាន់តែច្រើនឡើង ក្នុងចំណោមប្រជាជនទូទាំងពិភពលោក អំពីតម្រូវការជាបន្ទាន់សម្រាប់ចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំដ៏មុតមាំ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងកើតមាននៅក្នុង សាកលលោក ក្នុងទិសដៅបង្កើតពិភពលោកមួយ ប្រកបដោយការយោគយល់គ្នាទៅវិញទៅមក រក្សាសុខសន្តិភាព ប្រកបដោយចីរភាព និងវិបុលភាពសំរាប់ទាំងអស់គ្នា៕