សម្ដេចក្រឡាហោម ស ខេង៖ ត្រឹមឆ្នាំ២០១៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាង ៥,៥០០ បានតម្កល់ឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៥,៥៦៤ ក្នុងនោះសមាគម ចំនួន២,២៣៨ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៣,៣១៦។

ក្នុងវេទិកាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល លើកទី៤ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានចូលជាធរមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប៩៦៦ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ក្នុងនោះសមាគមចំនួន៤៧១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៩៥។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៣៨ ត្រូវបានលុបឈ្មោះចេញពីបញ្ជី តាមសំណើរបស់ សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា ចំនួននេះការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្មី ប្រចាំខែនីមួយៗ មិនមានការថយចុះឡើយ ដែលជាមធ្យមក្នុងមួយខែមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ប្រហែលចំនួន២០។

លើសពីនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញជាទូទៅថា ការធ្វើសកម្មភាពរបស់អង្គការសង្គមស៉ីវិល នៅតាមមូលដ្ឋាន មានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតនោះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ហាក់មានការយល់ដឹងច្រើន និងផ្ដល់កិច្ចសហការកាន់តែច្រើនឡើងជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន៕