រដ្ឋបាលខេត្តកណ្តាល នឹងដង្ហែក្បួនពានរង្វាន់ជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកុម្ភៈ ខាងមុខនេះ


(កណ្ដាល)៖ ក្រោយបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចយកថ្ងៃទី៦ ខែកុម្ភៈ ខាងមុខនេះ ដើម្បីរៀបចំពិធីដង្ហែក្បួន ពានរង្វាន់ជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានជាសាធារណៈលើកទី២ ឆ្នាំ២០២០ នៅទីក្រុងតាខ្មៅ។

ការដង្ហែក្បួននេះ ត្រូវបានគណៈកម្មការកំណត់យកទីតាំងច្រមុះជ្រូកសួនច្បារ មាត់ទន្លេបាសាក់ ជាកន្លែងប្រារព្ធពិធីដោយគ្រោងអ្នកចូលរួមជិត ៣ពាន់នាក់ រួមមាន៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបានត្រៀមរថយន្តធំចំនួន ៨៣គ្រឿង រថយន្តតូចចំនួន ៥៣គ្រឿង និងម៉ូតូចំនួន ៥០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍នេះ។

តាមការគ្រោងទុកនឹងជួបជុំគ្នានៅសួនច្បារច្រមុះជ្រូកមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ហើយចាប់ផ្តើមចេញដង្ហែក្បួន តាមផ្លូវលេខ២១A ឆ្ពោះទៅកាន់ផ្លូវលេខ២០៦ ព័ទ្ធសាលាខេត្តកណ្តាល ឆ្ពោះតាមផ្លូវជាតិលេខ២ ដល់ភ្លើងស្តុបស្ពានព្រែកហូរ ហើយបត់ឆ្វេងតាមផ្លូវលេខ២១B ដល់ស្តុបកាកបាទក្រហម បត់ឆ្វេងមករង្វង់មូលតាខ្មៅ ហើយបត់ស្តាំតាមផ្លូវលេខ១០៧ ឆ្ពោះមកទីតាំងប្រារព្វពិធីតែម្តង។

គួរជម្រាបថា ក្រុងតាខ្មៅបានទទួលពានរង្វាន់ទីក្រុងស្អាតអាស៊ាន នៅទីក្រុងបង់ដាសេរីបេកាវ៉ាន់ ប្រទេសព្រុយណេដារ៉ូសាឡាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅ ខណៈខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ និងក្រុងកំពត ក៏បានជាប់ជយលាភីដូចក្រុងតាខ្មៅ របស់ខេត្តកណ្តាលផងដែរ។

គួរបញ្ជាក់ថា ការជ្រើសរើសទីក្រុងស្អាតអាស៊ាន គឺវាយតម្លៃផ្អែកលើសូចនករធំៗចំនួន ៧ចំណុចសំខាន់ៗដោយផ្តោតលើការសហការគ្នាបានល្អរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន, ការថែរក្សាសំអាតអនាម័យបរិស្ថានបានស្អាត, មិនមានផ្សែងបំពុលខ្យល់, គ្រប់គ្រងសំរាម និងកាកសំណល់ បានស្អាតត្រឹមត្រូវ, ប្រជាជនសហការចូលរួមការពារសន្តិសុខ សុវត្ថិភាព ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយបានល្អ និងមានសួនលំហែរកាយ មានសោភ័ណភាពស្រស់ស្អាតជាដើម៕