សម្តេចតេជោ ហ៊ុន​​​ សែន៖ ទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មាននាយករដ្ឋមន្ត្រី៣នាក់


(សេអ៊ូល)៖ ​​​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា​​​ ទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់សម្តេច គឺជាទឹកដីមាននាយករដ្ឋមន្ត្រី៣នាក់ ប៉ុន្តែសម្តេចតេជោ កាន់តំណែងយូរជាងគេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង នៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «លោកអ៊ិន តាំង និងលោក ហង់ ធុនហាក់ គឺជានាយករដ្ឋមន្ត្រីរបស់ លន់ ណុល តែកាន់តំណែងបានតែ១ឆ្នាំទេ។ ប៉ុន្តែ ហ៊ុន​​​ សែន កាន់តំណែងរហូតមកដល់ថ្ងៃនេះ បាន៣៥ឆ្នាំហើយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។

ពិធីប្រជុំកំពូលនេះ គ្រោងប្រារព្ធធ្វើនៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី០៣-០៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។

មុនចេញដំណើរពីរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក នាព្រឹកនេះថា «កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត»៕