ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បញ្ជាក់ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មការទូតនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ


(ភ្នំពេញ)៖ លោក ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជានាពេលនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។

ក្នុងឱកាសចូលជួបសម្តែងការជាមួយ សម្តេចប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ប៉ាទ្រីក មើហ្វី បានវាយតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នកំពូលនេះ ជាតំណាងឲ្យប្រជាពលរដ្ឋ។

ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា កម្ពុជា និងសហរដ្ឋអាមេរិកមានចំនុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទំាងបី ចែកដាច់ពីគ្នា។

លោក ប៉ាទ្រីក មើហ្វី បានលើកឡើងបន្តថា កម្ពុជា និងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើនជាមួយគ្នារួចមកហើយ។ នៅឆ្នាំ២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទំាងពីរមានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។

សម្តេចពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានលើកឡើងថា បេសកកម្មការទូតរបស់លោក ប៉ាទ្រីក មើហ្វី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេចពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះវឌ្ឍនភាពទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់មកនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង។ រដ្ឋសភាកម្ពុជា សូមអបអរសាទរចំពោះការផ្លាស់ប្តូរសារលិខិតដ៏មានតម្លៃនិងមានអត្ថន័យដ៏ជ្រាលជ្រៅ រវាងលោកប្រធានាធិបតីអាមេរិក និងសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ៕