លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ពន្លឺនៃសន្តិភាព បានផ្ដល់ការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-និងអធិការកិច្ច បានថ្លែងថា ពន្លឺនៃសន្តិភាពបានផ្ដល់នូវការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលសន្តិភាពនេះរកបានដោយកម្រ ក្រោមការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈបានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាបុណ្យ និងសមិទ្ធផលនានា នៅត្រពាំងមហានគរ ស្ថិតភូមិខ្នាច ឃុំពពែល ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ក្នុងពិធីទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និងការគិតគូរខ្ពស់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍ លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិសេស គឺវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកតម្កើងកាន់តែខ្លាំងក្លាឡើងថែមទៀត ទុកសម្រាប់ឲ្យប្រជាពលរដ្ឋកម្ពុជាគោរពប្រណិបត្តិ ស្របទៅតាមទំនាមទម្លាប់ប្រពៃណីរបស់ជាតិទៅថ្ងៃអនាគត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបញ្ជាក់បន្ថែមថា ខេត្តសៀមរាបក៏បានប្រែក្លាយពីតំបន់ដែលមានសង្គ្រាម មកជាតំបន់ដែលជាគោលដៅរបស់អ្នកវិនិយោគគ្រប់ប្រភេទ មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនជាច្រើន ដែលបានបង្កើនឱកាសការងារក្នុងស្រុក និងកាត់បន្ថយការធ្វើចំណាកស្រុក និងជួយឲ្យជីវភាពប្រជាពលរដ្ឋខេត្តសៀមរាប កើនឡើងថែមមួយកម្រិតទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានធ្វើការកោតសរសើរដល់សប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីលើស្ទួយវិស័យពុទ្ធចក្រ ឱ្យមានការរីកចម្រើនសម្រាប់ព្រះសង្ឃពុទ្ធបរិស័ទ្ធ បានធ្វើបុណ្យ ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានចាត់ទុកសមិទ្ធផលនានា ទទួលបាននាពេលនេះ គឺដោយសារតែប្រទេសជាតិរបស់យើង មានសុខសន្តិភាពក្រោមការអនុវត្តន៍នូវគោលនយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ សន្តិភាពនេះ ហើយដែលបានធ្វើឱ្យមានការរីកចំរើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រដោយភាពសុខដុមរមនា របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងកម្មវិធីបុណ្យឆ្លងសាលាបុណ្យ និងសមិទ្ធផលនានានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ ក្នុងម្នាក់ៗថវិកា៥មុឺនរៀល សារ៉ុង១ និងបានបច្ច័យជិត ៣មុឺនដុល្លារអាមេរិក សម្រាប់បន្តកសាងវត្តថែមទៀត៕