រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតិឱ្យអង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម បណ្តាញយុវជនសហគ្រិនភាព យុវជនបៃតង សំដែងការគួរសម និងទទួលបានការណែនាំចែករំលែកបទពិសោធន៍ការងារ


ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតិឱ្យអង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម បណ្តាញយុវជនសហគ្រិនភាព យុវជនបៃតង វិទ្យាស្ថានវិនិយោគយុវជន គ្រមទាំងគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចល្អមូលដ្ឋានទាំង៨ឃុំ នៃខេត្តបីគឺ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ សរុបជាង ៥០នាក់។ គោលបំណងសំខាន់នៃជំនួបគឺ សំដែងការគួរសម និងទទួលបានការណែនាំចែករំលែកបទពិសោធន៍ការងារពីឯកឧត្តមរដ្ឋមន្ត្រី។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ និងបានចែករំលែកបទពិសោធន៍ ព័ត៌មាន ចំណេះដឹង ជាច្រើនទាក់ទងលើគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលជាពិសេសលើវិស័យបរិស្ថាន ការអភិរក្សជិវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការពង្រឹងសមត្ថភាពយុវជន។​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់យុវជន ដោយផ្តើមចេញពីខ្លួន យើងម្នាក់ៗ ត្រូវព្យាយាមស្វែងយល់ពីបរិស្ថាន ចូលរួមថែរក្សា ធ្វើខ្លួនជាពលរដ្ឋល្អក្នុងសង្គម សាមគ្គីឯកភាពផ្ទៃក្នុងជាតិ និងការពង្រឹងសមត្ថភាព ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជាមួយដែលមានបរិស្ថានល្អ ស្អាត និងការរស់នៅប្រកបដោយសុខុដុមរមនា៕