ទេសរដ្ឋមន្ត្រី គន់ គីម៖ រាជរដ្ឋាភិបាល បានបង្កើតប្រព័ន្ធស្បៀងបម្រុង ត្រៀមជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានាឱ្យទាន់ពេលវេលា


នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ នៃទសវត្សចុងក្រោយនេះ ស្ថានភាពគ្រោះមហន្តរាយនៅកម្ពុជា បានបង្កឡើងដោយធម្មជាតិរួមមាន ទឹកជំនន់ រាំងស្ងួត ខ្យល់កន្រ្តាក់ រន្ទះបាញ់ អគ្គិភ័យ បាក់ច្រាំងទន្លេ និងជំងឺឆ្លងជាដើម។ ដោយឡែកកាលពីឆ្នាំ២០១៩ កន្លងទៅ មានគ្រោះរាំងស្ងួតខ្វះខាតទឹកប្រើប្រាស់ និងគ្រោះរាំងស្ងួតផ្នែកកសិកម្មនៅរដូវវស្សា។

ការឱ្យដឹងបែបនេះរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមបានអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសន្ទនាពហុភាគីពាក់ព័ន្ធ រៀបចំគោលនយោបាយជាន់ខ្ពស់ថ្នាក់ជាតិនៅកម្ពុជាស្តីពី «ការកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅអាស៊ីអាគ្នេយ៍» ដោយមានការអញ្ជើញចូលរួមពីសំណាក់សលោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, លោកបណ្ឌិត សុខ វង់ ប្រធានផែ្នកបរិស្ថាន នៃសហគន៍សង្គម-វប្បធម៌ (លេខាធិការដ្ឋានអាស៊ាន) និងអ្នកពាក់ព័ន្ធមួយចំនួន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ នៃទសវត្សចុងក្រោយនេះ ស្ថានភាពគ្រោះមហន្តរាយនៅកម្ពុជា ជាទូទៅបង្កឡើងពីមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ ទឹកជំនន់ រាំងស្ងួត ខ្យល់កន្រ្តាក់ រន្ទះបាញ់ អគ្គិភ័យ បាក់ច្រាំងទន្លេ ជំងឺឆ្លង។ល។ ដោយឡែកនៅក្នុងឆ្នាំ២០១៩ មានគ្រោះរាំងស្ងួតខ្វះខាតទឹកប្រើប្រាស់ និងគ្រោះរាំងស្ងួតផ្នែកកសិកម្មរដូវវស្សា»។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា នៅពេលកើតមានគ្រោះរាំងស្ងួត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ជៀសវិបត្តិដែលកើត ឡើងពីរាំងស្ងួត ដោយប្រើប្រាស់កម្លាំង សរុបមធ្យោបាយសរុបមានន័យថា គ្រប់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវតាមដានជាប្រចាំហេតុការណ៍ទាំងឡាយ ដែលកើតឡើង ពីអាកាសធាតុទៅលើជីវភាពរស់នៅរបស់ប្រជាជនដោយ រួមគ្នាធ្វើការដោះស្រាយ ដូចជា ការរក្សាទឹកទុក ធ្វើស្រែប្រាំងតែមួយលើកយុទ្ធនាការ ដឹកទឹកចែកជូនប្រជាជនខ្វះខាត ដោយមិនទុកចោល ប្រជាជនណាម្នាក់ ជាពិសេសក្រុមងាយរងគ្រោះ ដែលជួបការលំបាកជាងគេ មិនបានគិតគូរនោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមទៀតថា ក្នុងការត្រៀមបម្រុងរាជរដ្ឋាភិបាល បានបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានាឱ្យទាន់ពេលវេលា ដែលមានស្បៀងជាស្រូវ អង្ករ គ្រាប់ពូជមានគុណភាព រួមមានគ្រាប់ពូជដំណាំ ស្រូវ បន្លែ និងដំណាំរួមផ្សំផ្សេងទៀត ព្រមទាំងសាច់ប្រាក់ បម្រុងទុក ហើយពេលមានគ្រោះរាំងស្ងួត ឆ្នាំ២០១៩ យើងបានដោះស្រាយស្រូវពូជមួយចំនួន ជូនប្រជាកសិករដើម្បីស្តារផ្ទៃដីឡើងវិញ និងនៅសល់មួយចំនួន ប្រជាកសិករ បានម្ចាស់ការដោះស្រាយខ្លួនឯង។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ថាជាយុទ្ធសាស្រ្តចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បញ្ចូលការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងដំណើរការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនេះ និងក្របខណ្ឌការងារ «សេនដាយ» សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ឆ្នាំ២០១៩-២០៣០ ក៏បានរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ សម្រាប់គ្រប់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា គ្រោះរាំងស្ងួត ជាបញ្ហាកើតមានពីការមិនអាចទាយទុកជាមុន ដោយមានការធ្លាក់ភ្លៀងយឺតយ៉ាវ ភ្លៀងធ្លាក់មិនទៀងទាត់ ចំនួននៃបរិមាណទឹកភ្លៀង និងរយៈពេលភ្លៀងធ្លាក់ខុសគ្នានៅតាមតំបន់នីមួយៗ ការបញ្ចប់រហ័សរដូវភ្លៀងធ្លាក់។

ជាមួយនៃការកើនឡើងជៀសមិនផុត នៃបាតុភូតធម្មជាតិនេះ តួនាទីសំខាន់នៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនោះ គឺការធ្វើឱ្យប្រសើរឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រើប្រាស់បចេ្ចកវិទ្យាលំហអាកាសរូបភាពពីផ្កាយរណប ការអង្កេតផែនដី ដែលជាតម្រូវការច្រកចូលក្នុងការទទួលបានទិន្នន័យ និងដកស្រង់ព័ត៌មាន៕