កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០មេហ្គាវ៉ាត់


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៥៥ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន SchneiTech Infinite Co., Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុន ទីប្រឹក្សា Creative Green Design Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្រុមហ៊ុន SchneiTech Infinite Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន​ ៣៧នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម​៖
១-​ អង្គប្រជុំ​ គាំទ្រគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៣០ MW
២-​ ក្រុមហ៊ុន​ គួរតែសិក្សាពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៣-​ ក្រុមហ៊ុន​ ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅតំបន់នោះ និងបណ្តាលឱ្យខ្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការរបស់ប្រជាជននៅផ្នែកខាងក្រោម ជាពិសេសប៉ែកខាងជើងនៃទីតាំងគម្រោង
៤-​ ក្រុមហ៊ុន​ ត្រូវសិក្សាពីការធ្វើរបងព័ទ្ធជុំវិញទីតាំងគម្រោង ចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សត្វគោក្របីរបស់អ្នកស្រុកដែលអាចធ្លាក់ចូលទៅក្នុងប្រឡាយក្រុមហ៊ុនដោយយថាហេតុ
៥-​ ក្រុមហ៊ុន​ ត្រូវសិក្សាបន្ថែមពីការប្រែប្រួលអាកាសធាតុដែលអាចជះឥទ្ធិពលទៅលើគម្រោង
៦-​ ក្រុមហ៊ុន​ ត្រូវកាត់បន្ថយការហុយធូលី ដែលកើតឡើងដោយសារសកម្មភាពដឹកជញ្ជូន និងឈូសឆាយដី ជាពិសេសធ្វើការស្រោចទឹកជាប្រចាំនៅតាមដងផ្លូវ
៧-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព
៨-​ ក្រុមហ៊ុន​ ត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡាឱ្យបានច្បាស់លាស់
៩-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយក្រុមហ៊ុន​ទីប្រឹក្សា ដើម្បីកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕