សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីកូរ៉េ


នៅថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ដែលរៀបចំឡើងដោយឯកឧត្តម ជុង សៃឃ្យូង (Chung Sye Kyun)នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ ថ្លែងសុន្ទរកថា ក្នុងពិធីលៀងសាយភោជន៍នោះ លោក ជុង សៃឃ្យូង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនៅទីក្រុងសេអ៊ូល នាពេលនេះ ពិសេសការទទួលនូវការអញ្ជើញពីលោក ក្នុងការពិសារភោជនីយ៍អាហារការងារថ្ងៃត្រង់នាពេលនេះ។

លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីប្រទេសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះតួនាទីយ៉ាងសកម្មបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ពិសេសលោកសូមកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបង្កើតនូវគំនិតផ្តួចផ្តើមឲ្យមានកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះនយោបាយដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងបណ្តាប្រទេសអាស៊ាន។

នាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ នៃប្រទេសទាំងពីរ ហើយជាមួយគ្នានេះ សាធារណរដ្ឋកូរ៉េ និងខិតខំធ្វើនូវអ្វីៗគ្រប់បែបយ៉ាង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ជុង សៃឃ្យូង មានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ និងជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបាន នូវភាពជោគជ័យខ្ពង់ខ្ពស់បំផុតនាពេលខាងមុខ៕