ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ ខួបចម្រើនជន្មាយុ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នៅក្នុងខ្លឹមសារព្រះរាជសារ ព្រះអង្គបានមានព្រះរាជបន្ទូលថា “ នៅក្នុងឱកាសដ៏នក្ខន្តឬក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខ្ញុំមានហឬទ័យសោមនស្សរីករាយ សូមអបអរសាទរចំពោះស្នាដៃដ៏ប្រសើររបស់ សម្តេចវិបុលសេនាភក្តី ដែលបានទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ទទួលបានសេចក្តីសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសដ៏ល្អប្រពៃ នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការកោតសរសើរដ៏ស្មោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចវិបុលសេនាភក្តី ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ចំពោះសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។