លោកជំទាវតំណាងរាស្ត្របើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែកុម្ភ: ឆ្នាំ២០២០ ជូនលោកយាយ លោកតាចំនួន ៩១នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល


នៅព្រឹក ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំកុរ
ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភ: ឆ្នាំ២០២០ ជូនដល់លោកយាយ លោកតា ដែលទទួលបានមូលនិធិចំនួន ៩១នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់)។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់កាល:ទេស: គ្រប់ស្ថានភាព ទោះបីរស់នៅទីណាក៏ដោយ ទាំងក្នុងស្រុក និងក្រៅស្រុក គឺសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ជាសុខទុក្ខរបស់សម្តេចផងដែរ។

សូមបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ។