ក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស


ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតជូនដំណឹងមួយផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ស្តីពីសម្រេចដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

លិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចចេញនូវអនុក្រឹត្យចំនួន ០៣ ស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ។ ផ្អែកលើស្មារតីអនុក្រឹត្យ ០៣ខាងលើនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដាក់ចេញនូវសេចក្តីណែនាំ ស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានពិនិត្យសម្រេចចេញសេចក្តីសម្រេចស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកនៅតាមការិយាល័យ និងអង្គភាពនានា នៅក្នុងរចនាសម្ព័ន្ធក្រុង ស្រុក ខណ្ឌ ចំនួន២០៣ ដែលមានចំនួនមន្រ្ដី ១៩៦១២នាក់ ក្នុងនោះមន្ត្រីរាជការ១៦,០៨៨នាក់ និងមន្ត្រីជាប់កិច្ចសន្យា ៣,៥២៤នាក់។

លិខិតក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ដើម្បីឲ្យកិច្ចដំណើរការរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ នីមួយៗ ប្រព្រឹត្តទៅដោយរលូន និងបានទាន់ពេលវេលាកំណត់ ក្រសួងមហាផ្ទៃ សូមធ្វើការរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖

១៖ រដ្ឋបាលរាជធានីខេត្តនីមួយៗ ត្រូវរៀបចំកម្មវិធី និងបែងចែកថ្នាក់ដឹកនាំរាជធានី ខេត្ត ដើម្បីធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំពោះកម្មវិធីប្រកាសនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវប្រព្រឹត្តទៅនៅអំឡុងសប្តាហ៍ទី២ នៃខែកុម្ភៈ ចាប់ពី១០ ដល់ថ្ងៃ១៤ ខែកុម្ភៈឆ្នាំ២០២០ខាងមុខ។

២៖ នាយករដ្ឋបាលសាលារាជធានីខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលរបស់ខ្លួន ក្នុងការសម្របសម្រួលកម្មវិធី ដោយសហការជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីចាត់ចែងរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ។

៣៖ ដើម្បីទទួលបាននូវទស្សនទាន និងគោលការណ៍នានាក្នុងការពង្រឹង និងជំរុញការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ អគ្គនាយកដ្ឋានរដ្ឋបាល នឹងរៀបចំគម្រូសុន្ទរកថា ឯកភាពមួយ សម្រាប់ថ្នាក់ដឹកនាំរាជធានី ខេត្ត ដែលត្រូវអញ្ជើញចូលរួមជាអធិ បតី សម្រាប់ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធរដ្ឋបាលថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែនសមត្ថកិច្ច

៤៖ នាយកទីចាត់ការគ្រប់គ្រងធនធានសាលារាជធានី ខេត្ត ត្រូវសម្របសម្រួល និងសហការជាមួយនាយករដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីចាត់ចែងកិច្ចការសំខាន់ៗ រួមមាន
* ការរៀបចំលិខិតអញ្ជើញសមាសភាពចូលរួម
* ការពិនិត្យរៀបចំទីកន្លែងប្រារព្ធពិធី និងកិច្ចការនានាពាក់ព័ន្ធនឹងពិធីប្រកាស
* ការចាត់ចែងរៀបចំកម្មវិធី និងខ្លឹមសារហ្វុង ( ដូចមានជូនភ្ជាប់មកជាមួយ)
* ចាត់ចែងធ្វើនីត្យានុកូលកម្មលើសេចក្តីសម្រេចស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកនៅតាមការិយាល័យ និងអង្គភាពនានានៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីចែកជូនដល់សាមីអង្គភាពពាក់ព័ន្ធ និងតម្កល់ទុកឯកសារ។

សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ខាងមុខនេះ ការិយាល័យមួយចំនួន នៅក្នុងមន្ទីរតាមបណ្តារាជធានីខេត្ត នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដោយមិនស្ថិតនៅក្រោមមន្ទីរដូចមុនទេ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជំនាញ៕

ខាងក្រោមលិខិតរបស់ក្រសួងមហាផ្ទៃ៖