អបអរសាទរ! រដ្ឋបាលខេត្តកំពត ដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២


រដ្ឋបាលខេត្តកំពតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដង្ហែក្បួន បង្ហាញជាសាធារណៈពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដែលរដ្ឋបាលខេត្តកំពត ទទួលបានកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ នៅរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រុយណេដារ៉ូសាឡឹម។ ការធ្វើក្បួនដង្ហែពានរង្វាន់ជ័យលាភី ទីក្រុងស្អាតអាស៊ានទី២នេះ បានដង្ហែតាមដងផ្លូវទីសាធារណៈក្នុងក្រុងកំពត។

ពិធីនេះបានធ្វើឡើងក្រោមការដឹកនាំពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំង លោក-លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និស្សិតប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម លាង រឿនសុធី អភិបាលក្រុងកំពត បានលើកបញ្ជាក់ថា រដ្ឋបាលក្រុងកំពតទទួលបានជ័យលាភីជាបន្តបន្តាប់ ក្នុងនោះមានការប្រឡង ប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិលើកទី១ ឆ្នាំ(២០១៥-២០១៨) ដោយទទួលបានជ័យលាភីរំដួលបីទង។

ជាមួយគ្នានោះដែរ ក្រុងកំពតជាក្រុងបដិសណ្ឋារកិច្ចល្អ ក្នុងការផ្ដល់សេវាសាធារណៈ ទទួលបានជ័យលាភីស្នាមញញឹម២ផងដែរ។ ដោយឡែក សម្រាប់ព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងមោទនភាព នាពេលនេះ គឺយោងតាមស្មារតី នៃការសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានជ្រើសរើសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិទទួលពិន្ទុខ្ពស់ ក្នុងចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី២ ដែលមានសុពលភាព (ឆ្នាំ២០១៨-២០២១) ជាបេក្ខភាពក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ចំនួន៦រួមមាន៖

*ទី១ ៖ ក្រុងកំពត ខេត្តកំពត
*ទី២ ៖ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
*ទី៣ ៖ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
*ទី៤ ៖ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
*ទី៥ ៖ ក្រុងតាខ្មៅ ខេត្តកណ្ដាល
*ទី៦ ៖ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងចំណោមក្រុង ខណ្ឌទាំង៦ មានក្រុងខណ្ឌចំនួន៣ ដែលទទួលបានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលមានសុពលភាព ពី(ឆ្នាំ២០២០-២០២២) នៅរដ្ឋធានីបង់ដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារ៉ូសាឡឹមកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្នុងនោះក្រុងកំពតក៏ទទួលបានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២។

ឯកឧត្តមអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា ពាក់ព័ន្ធពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដែលក្រុងកំពតទទួលបាន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រុយណេដារ៉ូសាឡឹម គឺជាមោទនភាពសម្រាប់ ប្រជាជននិងរដ្ឋបាលខេត្តកំពត ហើយក៏មិនមែនបានមកដោយភាពចៃដន្យនោះទេ តែវាពិតជាកើតចេញ ពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កិច្ចសហការល្អនិងការចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ប្រតិបត្តិករ ក្នុងអាជីវកម្មសេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានាក្នុងការជំរុញ និងរួមគ្នាធ្វើការអភិវឌ្ឍន៍ក្រុងរបស់យើង ដើម្បីឆ្លើយតប ទៅនិងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ មានសុចនាករគោលចំនួន៧ សុចនាករលម្អិតចំនួន២៨ និង១០៨ លក្ខណៈវិនិច្ឆ័យ ដែលទាមទារឲ្យក្រុងខណ្ឌបេក្ខភាព ត្រូវតែបំពេញឱ្យខាងតែបាន តាមលក្ខខណ្ឌវិនិច្ឆ័យនេះ។

ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពត ក៏អំពាវនាវ ដល់គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ផ្នែកឯកជន សង្គមស៊ីវិល គ្រប់ភាគីពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី គ្រូបង្រៀន សិស្ស និស្សិត ព្រះសង្ឃ និងអ្នកដឹកនាំសាសនាផ្សេងៗ ព្រមទាំងភាគីពាក់ព័ន្ធនានា មេត្តាចូលរួមបន្តការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសថែមទៀត ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ សំដៅធានាបាននូវភាពស្អាត និងបៃតង ព្រមទាំងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញផងដែរ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ប្រជាជនខេត្តកំពត ក្នុងការចូលរួម ចំណែកមិនអាចខ្វះបាន ដើម្បីជាកម្លាំងចលករ ក្នុងការបំផុសស្មារតីមហាជន ពិសេសយុវជន យុវនារី ជំរុញនិងយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ លើការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិយើងនាពេលបច្ចុប្បន្ន ដែលកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់ល្អបរិបូណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ សំដៅសម្រេចបានតាមបំណងប្រាថ្នា ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយបានការលំបាក ការលើកកម្ពស់សុខភាពនិងសុខមាលភាពប្រជាជន ការគិតគូរពីចិរភាពទីក្រុង ការឆ្លើយតបនឹងបញ្ហារបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម ដែលសកម្មភាពជាក់ស្ដែងខាងលើនេះធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំរាប់កម្ពុជាយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា៕