លោកជំទាវ ឃួន សុដារី៖ ឆន្ទៈ និងការដឹកនាំនយោបាយដ៏មោះមុតដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងប្រទេសជាតិ ដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច


សេអ៊ូល៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីសារៈសំខាន់អំពីឆន្ទៈ និងការដឹកនាំផ្នែកនយោបាយ ដែលនាំមកនូវសន្តិភាពជាវិជ្ជមាន ហើយដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដោយផ្អែកលើនីតិរដ្ឋ និងការគោរពតម្លៃសកលរួម ទាំងការគោរពសេចក្តីថ្លៃថ្នូរ និងប្រជាធិបតេយ្យរបស់មនុស្ស។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងការថ្លែងសុន្ទរកថារបស់លោកជំទាវ នាឱកាសនៃការអញ្ជើញចូលរួមជាគណៈអធិបតី និងជាភ្ញៀវពិសេស ក្នុងកិច្ចប្រជុំកំពូលសេអ៊ូល-២០២០ នៃសហព័ន្ធសន្តិភាពសកល នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោកជំទាវ បានថ្លែងទៅកាន់អ្នកចូលរួមជាច្រើន មានគណៈប្រតិភូសភាប្រទេសជាសមាជិក UPF ក្នុងនោះមានប្រធាន អនុប្រធាន និងសមាជិកសភាជាស្រ្តី និងវ័យក្មេងសំខាន់ៗជាច្រើនចូលរួម មកពីបណ្តាប្រទេសគ្រប់ទិសទីក្នុងសកលលោក។

លោកជំទាវ បានជម្រាបជូនអំពីបទពិសោធន៍កម្ពុជា ដែលការដឹកនាំនយោបាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិ ហើយក្នុងនាមកម្ពុជាផ្ទាល់ដែលជាប្រទេសក្រោយជម្លោះ កម្ពុជាបានគ្រប់គ្រងរក្សាបាននូវនិរន្តន៍ភាពនៃសន្តិភាព និងស្ថេរភាព ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានសង្កត់ធ្ងន់ថា សម្រាប់មនុស្សទាំងអស់គ្នា គឺសន្តិភាពមិនអាចទិញនៅផ្សារបានទេ ប៉ុន្តែវាកើតឡើង តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំ និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ដូចជា សម្តេចតេជោ ហ៊ុន សែន ។ ជាលទ្ធផល ចាប់តាំងពីទទួលបានសន្តិភាពពេញលេញ និងការផ្សះផ្សាជាតិ នៅចុងឆ្នាំ១៩៩៨ កម្ពុជាបានពុះពារប្រឹងប្រែងរហូតទទួលបាននូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ដែលមានជាង ៧ភាគរយប្រចាំឆ្នាំ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ តាមរយៈកំណែទម្រង់អភិបាលកិច្ចជាបន្តបន្ទាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយផ្តោតលើប្រជាជន។

លោកជំទាវ ក៏បានសម្តែងនៅក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរទ្រង់ទ្រាយធំ ពីការផ្លាស់ប្តូរអំណាចសកលលោកទៅជាវិបត្តិអាកាសធាតុ និងផលប៉ះពាល់នៃបដិវត្តឧស្សាហកម្មទី៤។ លោកជំទាវ បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាសកលដែលកំពុងកើតមានជាសកល ដូចជា ជម្លោះរវាងរដ្ឋ និងរដ្ឋ អំពើហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម”។ លោកជំទាវ ក៏បានលើកឡើងដែរថា ការប្រកួតប្រជែងអំណាចផ្ទួនៗរវាងប្រទេសមហាអំណាច និងការបែងចែកប្លុកនយោបាយតាមរយៈយុទ្ធសាស្ត្រជាសម្ព័ន្ធភាព ដើម្បីជាប្រយោជន៍នៃផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងផលប្រយោជន៍រួម បានធ្វើឱ្យមានការបែកបាក់គ្នារវាងប្រជាជាតិ និងសង្គមនានានៅទូទាំងពិភពលោក ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅក្នុងភាពភ័យខ្លាច ភាពក្រីក្រ ភាពអត់ឃ្លាន អំពើហឹង្សា និងស្ថិតក្រោមការគំរាមកំហែងផ្ទួនៗនៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ដូចជាការផ្ទុះឡើងនៃជំងឺឆ្លង (Corona virus) នាពេលបច្ចុប្បន្ននេះ។

ដូចនេះក្នុងនាមជាសមាជិកសភា ចាំបាច់ត្រូវរួមដៃគ្នាជាមួយរដ្ឋាភិបាល និងសង្គមស៊ីវិល បង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។

មុននឹងបញ្ចប់សុន្ទរកថា លោកជំទាវ ឃួន សុដារី បានអំពាវនាវដល់សមាជិកសភាទាំងអស់ ឱ្យចូលរួមដោយផ្ទាល់នៅក្នុងស្ថាប័នអន្តរជាតិ តាមរយៈសមាគមសមាជិកសភាអន្តរជាតិ ដើម្បីសន្តិភាព(IAPP) នេះដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពកសាងសន្តិភាពអន្តរជាតិ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា យើងអាចជំរុញអង្គការសង្គមស៊ីវិលនានា និងប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យរឹងមាំ ដើម្បីលើកកម្ពស់សន្តិភាព ផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធក្នុងតំបន់ និងទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធ និងការធ្វើទំនើបកម្មសព្វាវុធ។

ជាចុងក្រោយ លោកជំទាវ បានជំរុញអោយសមាជិកសភាទាំងអស់បន្តខិតខំលើកកម្ពស់ និងគោរពនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលរឹងមាំ និងអាចព្យាករណ៍បាន ដោយផ្អែកលើគោលការណ៍ ៦ រួមមាន ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និងវិបុលភាពរួមគ្នា។

សូមជម្រាបជូនផងដែរថា សមាគមអន្តរជាតិនៃសមាជិកសភាសម្រាប់សន្តិភាព (ហៅកាត់ថា IAPP) ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៦ នៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ជាមួយនឹងវត្តមានរបស់សមាជិកសភាចំនួន ១៥០នាក់ មកពី ៤១ប្រទេស ដែលបានមកប្រជុំគ្នាដើម្បីពិភាក្សាពីបញ្ហាប្រឈមជាច្រើនដែលកំពុងរីកដុះដាលឡើងក្នុងសហគមន៍សកលលោក។ ចាប់តាំងពីពេលនោះមក អតីតសមាជិកសភា និងសមាជិកសភាក្នុងតំណែងប្រមាណ ៦០០០នាក់ មកពី១២០ប្រទេស បានចូលរួមជាសមាជិក IAPP ដើម្បីផ្លាស់ប្តូរ និងបញ្ចេញមតិជាមួយនឹងទស្សនៈវិស័យជុំវិញតួនាទី និងភារកិច្ចដ៏សកម្មរបស់សភាក្នុងតំបន់របស់គេ៕