សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប


ថ្ងៃព្រហស្បតិ៍ ១៣កេីត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២០​នៅរដ្ឋបាលខេត្តសៀមរាប​បានរៀបចំពិធីបេីកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្ត ដែលនឹងដំណើរការទៅមួយថ្ងៃពេញ តាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី​ និងឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងមានការអញ្ជេីញចូលរួមពី​ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្ត ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ក្រុមប្រឹក្សាខេត្ត សមាជិក​ សមាជិកា​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុង ស្រុក គ.ក.ន.ក ឃុំ សង្កាត់ សរុបចំនួន​ ២៧២នាក់​។

លោកជំទាវ ស៉ិន ណម ប្រធាន គ.ក.ស.ក ខេត្តមានមតិស្វាគមន៍ ដោយបានបញ្ជាក់ថាសិក្ខាសាលា​នេះ​នឹងផ្ដល់នូវបទពិសោធន៍ល្អៗ​ ដល់សិក្ខាកាមក្នុងការយកទៅអនុវត្តឆ្នាំបន្ត ហើយក៏ជាកម្លាំងចលករជម្រុញឲ្យមានការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងកាន់តែលើកកម្ពស់សមភាព យេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន។ ម្យ៉ាងទៀត សិក្ខាសាលាឆ្លុះបញ្ចាំងនេះនឹងផ្តល់ ឱកាសឲ្យអ្នក ចូលរួម ទាំងអស់មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាព អង់អាច ដល់ស្រ្តី ដើម្បីឲ្យស្របតាមផែនការយុទ្ធសាស្រ្ត នារីរតនៈរបស់ក្រសួង កិច្ចការនារី។

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានលើកឡើងពាក់ព័ន្ធនឹងគោលបំណងកំណែទម្រង់នានា របស់ រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់ អនុវត្តនាពេលបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយសមធ៌ម មានតម្លាភាព និង គណនេយ្យភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា ក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលក៏បាន ជំរុញ និងផ្ទេរមុខងារបន្ថែមទៀតមករដ្ឋបាលថ្នាក់ក្រោមជាតិ និងបានធ្វើសមាហរណកម្មមន្រ្តីបុគ្គលិក ដែលកំពុងបំរើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានា នៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានានូវប្រសិទ្ធភាព និរន្តរភាពការងារ និងធានាបាន នូវអត្ថប្រយោជន៍នានារបស់បុគ្គលិកបន្ទាប់ពីពេលធ្វើសមាហរណកម្ម ហើយរចនាសម្ព័ន្ធនេះក៏នឹងប្រកាសចូលកាន់តំណែងនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ដើម្បីអនុវត្តមុខងារទាំងនេះប្រកបដោយ ប្រសិទ្ធភាព និង កសាងនូវភាពជឿកជាក់ក្នុងការអនុវត្ត មុខងារដែលផ្ទេរមក ឯកឧត្តមក៏បានសំណូមពរ លោកជំទាវ ឯកឧត្តម លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ យកចិត្ត ទុកដាក់ចូលរួមអនុវត្តទាំងអស់គ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈម្ចាស់ការរៀងៗខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានសម្ដែង នូវអំណរគុណ និងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្ដម លោក ជំទាវ អស់លោក លោកស្រី មន្ទីរ អង្គភាព អង្គការដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងបច្ចេកទេសធ្វើឲ្យកិច្ចដំណើរការនានា របស់ គ.ក.ស.ក ខេត្តឆ្នាំ២០១៩ ពិសេសការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមតាមកម្មវិធីដែលបានគ្រោងទុក៕