ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលលើកទី១ នៅកម្ពុជា


ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន គ្រោងរៀបចំវេទិកាកេសរកូល លើកទី១ នៅកម្ពុជា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព-ក្រសួងបរិស្ថាន និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ទីក្រុងប៉ារីស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន។

សេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា វេទិកានោះនឹងត្រូវរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធប្រមាណ៥០០នាក់។

វេទិកានេះរៀបចំឡើង ក្នុងគោលបំណង៖

ទី១៖ បំផុសគំនិតសាធារណជនឲ្យស្រឡាញ់ និងអភិរក្សកេសរកូល

ទី២៖ ពង្រឹងភាពជាដៃគូ និងផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវកេសរកូលនៅកម្ពុជា

៣៖ លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋតាមរយៈទេសចរណ៍ជាតិ និងកម្មវិធីនានារបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន៕