កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ២០២០-២០២៤ របស់រដ្ឋបាលខេត្តសៀមរាប


នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ តូ្រវនិងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅបន្ទប់ប្រជុំលេខ១ សាលាខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ២០២០-២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងលោក លោកស្រី តំណាងអង្គការសង្គមស៊ីវិលនានា។

ក្នុងកិច្ចប្រជុំនោះផងដែរ លោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានបញ្ជាក់ថា ក្នុងដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់រដ្ឋបាលខេត្តគឺ ពិតមានសារៈសំខាន់ណាស់ដោយទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គិតគូរ និងពិចារណាឲ្យបានហ្មត់ចត់ទៅលើចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍន៍ដល់ខេត្តសៀមរាប។ ក្នុងនោះក្របខ័ណ្ឌវិនិយោគរយៈពេលប្រាំឆ្នាំ ដែលជាធាតុចូលយ៉ាងសំខាន់ និងជាអាទិភាពចាំបាច់ ដែលទាមទារឲ្យមានការពិនិត្យ និងគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយលើកិច្ចអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងដំណើរការ នៃការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ជាពិសេស ពិនិត្យលើការរៀបចំគម្រោងសកម្មភាពនានារបស់ខ្លួនសម្រាប់អនុវត្តនៅក្នុងឆ្នាំបន្តបន្ទាប់ ធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវ ជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ហើយបញ្ជូលទៅក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះ លោក បានសំណូមពរដល់លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រុមការងារកសាងផែនការ សូមមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិភាក្សា ផ្តល់ជាមតិយោបល់ និងសម្របសម្រួលជាមួយភាគីអ្នកពាក់ព័ន្ធ ព្រមទាំងលើកឡើងនូវគន្លឹះសំខាន់ៗ ដើម្បីឲ្យដំណើរ នៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ២០២០-២០២៤ របស់រដ្ឋបាលខេត្ត ទទួលបានជោគជ័យ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមសេចក្តីណែនាំ បច្ចេកទេស។