សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាស្ដីពីគោលនយោបាយក្នុងវិស័យភស្ដុភារកម្ម


ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ តុង ផល្លី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាស្ដីពីគោលនយោបាយក្នុងវិស័យភស្ដុភារកម្ម ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

សិក្ខាសាលានេះមានគោលបំណងចែករំលែកនូវសមិទ្ធផលមួយចំនួនដែលទទួលបានពីគម្រោងសហប្រតិបត្តិការ (Technical cooperation Project – TCP) ក៏ដូចជាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាស្ដីពីគោលនយោបាយភស្តុភារកម្មបៃតង គោលនយោបាយភស្ដុភារកម្មខ្សែសង្វាក់សីតុណ្ហភាពត្រជាក់ និងគោលនយោយបាយការចែកចាយចុងក្រោយដល់អ្នកប្រើប្រាស់ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត សំដៅឱ្យគោលនយោបាយភស្តុភារកម្មទាំងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ និងក្របខណ្ឌអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកជំទាវអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុចូលសំខាន់ៗ និងផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីកែលំអរការរៀបចំគោលនយោបាយទាំងបីខាងលើឱ្យកាន់តែមានលក្ខណៈកាន់តែប្រសើរឡើង៕