ឯកឧត្តមប្រាក់ សុវណ្ណ ថ្លែងលើកឡើងថា បើរដ្ឋបាលក្រុងស្រុកណា មិនមានសមត្ថភាពធ្វេីការដោះស្រាយទំនាស់ដីធ្លី នឹងត្រូវស្នើផ្លាស់ចេញ!


ព្រះវិហារ៖ ថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា បើរដ្ឋបាលក្រុងស្រុកណាមួយ មិនមានសមត្ថភាពដោះស្រាយទំនាស់ដីធ្លី ប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព អាចទទួលយកបាននោះទេ នឹងត្រូវស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពឲ្យអ្នកមានសមត្ថភាព និងឆន្ទៈពិតប្រាកដ មកធ្វើជំនួសវិញ ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងបញ្ជាក់ថា ករណីទំនាស់ដីធ្លីនៅខេត្តព្រះវិហារ នៅសល់ច្រើនដែលមិនទាន់ បានដោះស្រាយនៅឡើយ។ ដោយ ទំនាស់ខ្លះមានទ្រង់ទ្រាយតូច និងទំនាស់ខ្លះទៀតក៏មានទ្រង់ទ្រាយធំ ដែលទាមទារត្រូវការពេលវេលាយូរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមសូមឲ្យអាជ្ញាធរក្រុង ស្រុកនិមួយៗ និងមន្ទីររៀបចំដែនដី ត្រូវធ្វើបច្ចុប្បន្នភាពករណីទំនាស់ទាំងអស់ ក្នុងដែនដីនិមួយៗ បញ្ជូនមករដ្ឋបាលខេត្ត ។

បន្ថែមពីនោះ ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានថ្លែងជំរុញដល់រដ្ឋបាលក្រុងស្រុកនិមួយៗ ត្រូវខិតខំដោះស្រាយវិវាទដីធ្លី នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ឲ្យមានប្រសិទ្ធិភាពខ្ពស់ ព្រោះថា បើយើងមិនបានដោះស្រាយ ទំនាស់ដីធ្លីនេះ ដោយភាពយុត្តិធម៌ និងតម្លាភាព ប្រកបដោយបរិយាប័ន្នទេនោះ វានឹងបណ្តាលឲ្យកើតជំងឺរ៉ាំរ៉ៃជាក់ជាមិនខាន ។

ជាមួយគ្នានេះ ក៏ត្រូវខិតខំបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឲ្យបាន ពិសេសបទល្មើសដែលកំពុងកាប់ក្នុងព្រៃ និងដឹកចេញពីព្រៃ បង្រ្កាបបទល្មើសធនធានរ៉ែខុសច្បាប់ និងបង្រ្កាបការជួញដូរសត្វព្រៃ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ឲ្យខានតែបាន៕