សម្តេចអគ្គមហាពញាចក្រីហេង សំរិន ៖ ការបំពេញទស្សនកិច្ចឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសប្រតិបត្តិការកម្ពុជានិងឡាវរឹងមាំឡើង


ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និង ជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងសេចក្តីសោមនស្សរីករាយបំផុត និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមប្រធានរដ្ឋ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សម្តេចបានលើកឡើងថា ទស្សនកិច្ចនេះ នឹងជំរុញបន្ថែមទៀត ក្នុងការបន្តរឹតបន្តឹង ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេដងទៀត។

ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត បានសម្តែងការកោតសរសើរចំពោះការរីកច្រើនយ៉ាងខ្លំាងរបស់កម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែល្អប្រសើរ។ ឯកឧត្តមប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហរដ្ឋប្រតិបត្តិការដ៍ល្អរវាងប្រទេសរវាងប្រទេសទាំងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ដើម្បីទំនាក់ទំនងដ៏ល្អជាប្រពៃណីនេះកាន់តែរឹងមាំឡើង ពីថ្នាក់លើដល់ថ្នាក់ក្រោម ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញទំនាក់ទំនងប្រជាពលរដ្ឋប្រទេសទាំង ពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនឱ្យកាន់តែមានជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជានិងឡាវ ជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលថ្នាក់ដឹកនាំ និងប្រជាជនឡាវ សម្រេចបាន ក្នុងការកសាង អភិវឌ្ឍ សេដ្ឋកិច្ចសង្គម រីកចម្រើនយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែល្អប្រសើរ។

សម្តេចបានបង្ហាញជំនឿមុតមាំថា ក្រោមការដឹកនាំ ដ៏ភ្លឺស្វាងរបស់បក្សប្រជាជនបដិវត្តឡាវ ដែលមាន ឯកឧត្តម ជាអគ្គលេខាធិការ និងជាប្រធានរដ្ឋ ប្រជាជនឡាវ នឹងបន្តទទួលជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន កាន់តែរីកចម្រើនរុងរឿង។

ក្នុងរដ្ឋសភាកម្ពុជាសម្តេចអគ្គមហាពញាចក្រីហេង សំរិន បានសម្តែងការពេញចិត្តចំពោះ វឌ្ឍភាព នៃទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ បាននាំមកនូវផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជាតិទាំងសងខាង៕