សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យក្រុមហ៊ុន Kolao Group ជួបសម្ដែងការគួរសម


នៅរសៀលថ្ងៃទី២៦ ខែ មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Oh Sei Yong ប្រធានក្រុមហ៊ុន Kolao Group មកពីសាធារណៈរដ្ឋកូរ៉េចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងារវិនិយោគនៅវិមានសន្តិភាព។
លោក Oh Sei Yong អរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដល់រូបលោកចូលជួបពិភាក្សា។ លោកប្រធានក៏បានជម្រាបសម្តេចតេជោ ដែលរូបលោកផ្ទាល់បានឃើញអំពីការរីកចម្រើន នៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច រួមមាន កសិកម្ម សំណង់ ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ ស្ថានភាពនយោបាយល្អ និងកំណើនសេដ្ឋកម្ពុជាសព្វថ្ងៃគឺធ្វើអោយលោកមានជំនឿជឿជាក់យ៉ាងខ្លាំងលើរាជរដ្ឋាភិបាល ហើយបានសម្រេចមកវិនិយោគនៅប្រទេសកម្ពុជាតែម្តង។
ក្រុមហ៊ុន Kolao Group គឺមានបំណងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងនោះនឹងរៀបចំអោយមានជារោងចក្រដំឡើងរថយន្តគ្រប់ប្រភេទរួមទាំងម៉ូតូផងដែរ។ ក្រៅពីនេះ លោកក៏នឹងមានគម្រោងបើកជាធនាគារដើម្បីអោយអតិថិជនខ្ចីលុយទិញរថយន្តពីក្រុមហ៊ុនលោកតែម្ដង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Kolao Group នឹងមានការផលិតជាគ្រឿបន្លាស់រថយន្តផងដែរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ ក្រុមហ៊ុន Kolao Group គឺធ្វើស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា។ លោកប្រធានក្រុមក៏បានគោរពស្នើសុំ សម្ដេចតេជោមេត្តាជួយគាំទ្រគម្រោងវិនិយោគរបស់លោកនៅប្រទេសកម្ពុជាអោយទទួលបានជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ និងគាំទ្រលើគម្រោងវិនិយោគដែលបានសិក្សារួចមួយចំនួនហើយ។ សម្តេចតេជោ បានលើកទឹកចិត្តអោយបន្តធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីរៀបចំអោយកើតចេញជារូបរាងឆាប់ៗ។ គម្រោងវិនិយោគក្នុងការផលិតរថយន្ត និងម៉ូតូនៅក្នុងប្រទេសកម្ពុជាគឺនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តជជុះមានឱកាសទិញរថយន្តថ្មីប្រើប្រាស់ជាមួយតម្លៃសមរម្យ ហើយក៏អាចនាំចេញទៅកាន់ទីផ្សារខាងក្រៅបានទៀតផង។ ទន្ទឹមនឹងនេះ គឺរោងចក្រនឹងផ្តល់ការងារសមរម្យដល់ប្រជាពលរដ្ឋខ្មែរជាង១ម៉ឺននាក់នាពេលអនាគតខាងមុខ៕