អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅស្រុកកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលស្រុក ដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលស្រុក និងនៅតាមការិយាល័យជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកថ្មី។

ទន្ទឹមនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះលោកស្រី អស់លោក ដែលបានទទួលមុខតំណែងនានាក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកោះកុង ដូចមាននៅក្នុងសេចក្តីសម្រេចលេខ ០៨៦សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប ) ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកោះកុង នៃខេត្តកោះកុង ដែលបានអានអម្បាញ់មិញនេះ។

ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖

១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។

២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួង ស្ថាប័ននីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌដោយផ្ទាល់ទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។

អាស្រ័យហេតុនេះដើម្បីធានាឲ្យដំណើរការចាប់ផ្តើមអនុវត្តនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកោះកុង ដោយរលូនចាប់ពីពេលនេះតទៅ ខ្ញុំសូមធ្វើការណែនាំនូវកិច្ចការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖

១-ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

ក)-នីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់ចែងអនុវត្តការងាររបស់ខ្លួនស្របទៅតាមនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលបានកំណត់ជាធរមាន មានន័យថា ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការងាររដ្ឋបាល និងការងារហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តតាមនីតិវិធីរដ្ឋបាល នីតិវិធីផ្តល់សេវាសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន រហូតដល់មានការណែនាំថ្មីពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានានិរន្តរភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ដើម្បីឱ្យកិច្ចដំណើរការការងារនេះប្រព្រឹត្តទៅដោយរលូន និងមានការឯកភាពស្រុះស្រួលគ្នាក្នុងចំណោមមន្រ្តីពាក់ព័ន្ធនៃរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវដឹកនាំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីកំណត់អំពីប្រភេទ និងចំនួនការងារទាំងនេះឱ្យបានច្បាស់លាស់ ដោយមានការចូលរួមពីប្រធានការិយាល័យ អង្គភាពជំនាញពាក់ព័ន្ធដែលស្ថិតក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ខ)-ការចរាចរលិខិតស្នាម
បន្ទាប់ពីពិធីប្រកាសដាក់ឱ្យប្រើបា្រស់ជាផ្លូវការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាល់ការចរាចរលិខិតស្នាមទាំងអស់(ទាំងលិខិតចូល និងលិខិតចេញ)នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើឡើងតាមការិយាល័យទទួលបន្ទុករដ្ឋបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយអនុវត្តតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានដាក់ឱ្យអនុវត្តតាមរយៈសេចក្តីសម្រេចលេខ១០០២៩ សសរ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ដើម្បីធានាបាននូវការអនុវត្តកិច្ចការនេះ អភិបាលក្រុង ស្រុក ខណ្ឌត្រូវកោះប្រជុំប្រធាន និងឬអនុប្រធានការិយាល័យ អង្គភាពជំនាញនានានៅក្រុង ស្រុក ខណ្ឌរបស់ខ្លួន ដើម្បីណែនាំដល់ប្រធាន និងឬអនុប្រធានការិយាល័យ អង្គភាពទាំងនោះ ឱ្យអនុវត្តបែបបទ នីតិវិធីនៃកិច្ចការរដ្ឋបាលទៅតាមសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ទន្ទឹមនេះដែរ រាល់ការទំនាក់ទំនង ឬលិខិតស្នាមរដ្ឋបាលពីរដ្ឋបាលរាជធានី ខេត្ត ឬមន្ទីរ អង្គភាពជំនាញថ្នាក់រាជធានី ខេត្ត ត្រូវទំនាក់ទំនងផ្ទាល់ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

គ)-ការរៀបចំទីកន្លែងបំពេញការងារ

អភិបាលក្រុង ស្រុក ខណ្ឌត្រូវខិតខំសម្របសម្រួលរៀបចំទីកន្លែងបំពេញការងាររបស់មន្ត្រី និង ការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុង ស្រុក ខណ្ឌតាមរចនាសម្ព័ន្ធថ្មីឱ្យបានសមស្រប និងមាន លក្ខណៈប្រមូលផ្តុំនៅជិតៗគ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងទំនាក់ទំនងការងារ ការផ្តល់សេវា ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងដោះស្រាយកិច្ចការនានាបានឆាប់រហ័ស។

២-ការគ្រប់គ្រងបុគ្គលិក

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃបានផ្ទេរមន្រ្តី បុគ្គលិកក្រសួងមហាផ្ទៃ ប្រមាណជាង ៦.០០០នាក់ មកជាមន្រ្តី បុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយឡែក រដ្ឋបាលស្រុកកោះកុង ដែលត្រូវបានធ្វើសមាហរណកម្មពីការិយាល័យជំនាញនៃក្រសួង ស្ថាប័ននានា មកស្ថិតនៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលទាំងអស់។

អាស្រ័យហេតុនេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលស្រុកកោះកុង ត្រូវបន្តដឹកនាំ គ្រប់គ្រងនិងចាត់ចែងប្រើប្រាស់មន្រ្តីឱ្យបានត្រឹមត្រូវស្របតាមច្បាប់រៀបចំអង្គការ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឧបសម្ព័ន្ធនៃអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ
កន្លងមក ដើម្បីជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការចាត់ចែង និងអនុវត្តកិច្ចការបន្តក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីណែនាំស្តីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះបានណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការកត់ត្រានូវកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិដែលកំពុងស្ថិតក្រោមការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ដោយការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ន មុនពេលធ្វើសមាហរណកម្ម ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានមូលដ្ឋានក្នុងការបន្តគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សំដៅធានានិរន្តរភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ទោះបីជារដ្ឋបាលក្រុង ស្រុក ខណ្ឌ ទទួលបានការផ្ទេរមុខងារ ដូចមានចែងក្នុងអនុក្រឹត្យចំនួន០៣ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏ពិតមែន ប៉ុន្តែធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិដើម្បីអនុវត្តមុខងារទាំងនោះ មិនទាន់បានផ្ទេរឱ្យបានស្របជាមួយមុខងារ និងពេញលេញស្របតាមគោលការណ៍វិមជ្ឈការនៅឡើយ។ ដូច្នេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបន្តគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បតិ្តដែលធ្លាប់គ្រប់គ្រង និងប្រើប្រាស់ដោយការិយាល័យជំនាញនៃក្រសួង ស្ថាប័នដែលបានផ្ទេរមុខងារឱ្យ ក្នុងគោលដៅធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ លើមូលដ្ឋានតារាងបញ្ជីដែលបានរៀបចំឡើងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ
ដើម្បីធានានិរន្តរភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមយន្តការច្រកចេញចូលតែមួយ ខ្ញុំសូមគូសបញ្ជាក់អំពីដំណើរការរបស់ការិយាល័យច្រកចេញចូលតែមួយ ដូចខាងក្រោម៖

-សម្រាប់ក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយរួចហើយ ត្រូវបន្តផ្តល់សេវាជូនប្រជាពលរដ្ឋតាមបែបបទ និងនីតិវិធីដែលមានជាធរមាន ដោយរក្សាទុកនូវរបៀបនៃការរៀបចំការិយាល័យនេះដដែលសិនទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ក្នុងដំណាក់កាលនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌមិនត្រូវឱ្យមានការផ្លាស់ប្តូរមន្រ្តីបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយទេ រហូតដល់មានការណែនាំថ្មីពីក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ ខ្ញុំសូមស្នើឱ្យប្រធានមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត បន្តរក្សាមន្រ្តីជំនាញរបស់ខ្លួនដែលបានចាត់តាំងឱ្យទៅបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបន្តបំពេញការងារជាមន្រ្តីជួរក្រោយនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ រហូតដល់មានការណែនាំថ្មី។

-ចំពោះក្រុង ស្រុក ខណ្ឌ ដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយ ហើយដែលកន្លងមកក្រសួងមហាផ្ទៃតម្រូវឱ្យរៀបចំយន្តការច្រកចេញចូលតែមួយ និងត្រូវសមាហរណកម្មឱ្យក្លាយជាការិយាល័យច្រកចេញចូលតែមួយស្របតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបន្តរក្សាចំនួនមន្រ្តីដែលបានធ្វើសមាហរណកម្មរួច និងត្រូវអនុវត្តនីតិវិធីតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការិយាល័យច្រកចេញតែមួយ។ ក្នុងករណីដែលមិនមានមន្រ្តីជំនាញផ្នែកជួរក្រោយនៃវិស័យណាមួយ រដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវប្រើប្រាស់មន្រ្តីនៅក្នុងការិយាល័យនៃរចនាសម័្ពន្ធថ្មីដែលស្ថិតនៅក្នុងចង្កោមវិស័យជាមួយគ្នាឱ្យជួយពិនិត្យ និងផ្តល់យោបល់បច្ចេកទេសទៅតាមនីតិវិធីនៃការផ្តល់សេវានៃវិស័យជំនាញនោះ ដែលក្រសួងបានណែនាំកន្លងមក រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ។ ក្នុងករណីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចពិនិត្យស្នើសុំការកសាងសមត្ថភាពមន្រ្តីពាក់ព័ន្ធនឹងការផ្តល់សេវានៅតាមការិយាល័យច្រកចេញចូលតែមួយ។

៥-ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់

ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងការឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ទៅនឹងសំណើ សំណូមពរ និងការអភិវឌ្ឍនៅតាមមូលដ្ឋាន រាជរដ្ឋាភិបាលបានបង្កើនមូលនិធិឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ដែលចាប់ពីឆ្នាំ២០២០នេះតទៅ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានសរុបជាមធ្យម ថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនប្រមាណជាង ៧៧.០០០ ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។ រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៥៤.០០០ដុល្លារ។

ពាក់ព័ន្ធនឹងកិច្ចការខាងលើ ខ្ញុំសូមស្នើដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ តាមរយៈការបង្កើតរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់ថវិកាទាំងនេះឱ្យមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនោះក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ជាពិសេស ត្រូវជួយពង្រឹងការតាមដាន និងត្រួតពិនិត្យការបំពេញតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន តាមគោលការណ៍លើកសរសើរ និងដាក់វិន័យឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។

៦. អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង⁄ស្រុក/ខណ្ឌត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌក្រុង⁄ស្រុក/ខណ្ឌ ទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ដូចខាងក្រោម ៖

–ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងក្រុង⁄ស្រុក/ខណ្ឌ។

–ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំងក្រុង⁄ស្រុក/ខណ្ឌ ដោយត្រូវដាក់ចេញវិធានការឲ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់ទីតាំងសប្បាយភាព សណ្ឋាគារ ផ្ទះសំណាក់នានា នៅក្នុងការចូលរួមបង្ការ ទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។

–ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយត្រូវផ្តល់អាទិភាពលើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹងការពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត។

៧. អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ

ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងកិច្ចប្រជុំក្រុមប្រឹក្សាស្របតាមច្បាប់ លិខិតបទដ្ឋានជាធរមាន និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ទន្ទឹមនឹងនេះ អាស្រ័យដោយមានការកែសម្រួលរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងថ្មីនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ហេតុនេះ របៀបវារៈ និងខ្លឹមសារនៃកិច្ចប្រជុំក្រុមប្រឹក្សា គឺត្រូវរៀបចំឱ្យស្របតាមរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងក្រុង ស្រុក ខណ្ឌដែលបានរៀបចំថ្មីនេះ។ ចំពោះមុខនេះ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវប្រមូលផ្តុំធ្វើការបូកសរុបដំណើរការនៃការធ្វើសមាហរណកម្ម និងការចាប់ផ្តើមដំណើរការនៃរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ដើម្បីរាយការណ៍ និងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន សំដៅឱ្យមានការឯកភាពស្រុះស្រួលគ្នាក្នុងការអនុវត្ត ឱ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕