ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការនៅក្នុងខេត្ត​ ចូលរួមពិធីបុណ្យមាឃបូជា នៅវត្តជួស ក្នុងឃុំជីខ្មា ស្រុកទ្រាំង


ខេត្តតាកែវ៖ ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យមាឃបូជា នេះទៀតសោត គោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។នាព្រឹកថ្ងៃអាទិត្យ ១ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការនៅក្នុងខេត្ត​ ចូលរួមពិធីបុណ្យមាឃបូជា នៅវត្តជួស ក្នុងឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានលើកបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើងមានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាយើង តែងបានលើកកម្ពស់វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់ព្រះសង្ឃប្រជាពុទ្ធបរិស័ទរួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តកំពតទាំងអស់ដែលតែងតែបាននិមន្តនិងអញ្ជើញចូលរួម ប្រារព្ធធ្វើឡើងនៅកម្មវិធីបុណ្យសាសនាដ៏មានសារសំខាន់នេះ ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន។ ព្រោះថាព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

ជាមួយឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត រួមនិងប្រជាពុទ្ធបរិស័ទបាននាំនូវបច្ច័យវេរប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យសរុប ចំនួន៥លានរៀល និងបានជូនថវិកាមួយចំនួនដល់កងកម្លាំងនាឱកាសនោះផងដែរ៕