ទេសរដ្ឋមន្ត្រី មាស សុភា អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់រង្វង់មូលស្រអែម ក្នុងខេត្តព្រះវិហារ


(ព្រះវិហារ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រីមាស សុភា ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជាច្រើនរូបទៀត បានអញ្ចើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។

នៅក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងដោយក្តីមោទនភាពរីករាយចំពោះសមិទ្ធិផលថ្មីនេះ ដែលនឹងបង្ហាញរូបរាងយ៉ាងស្រស់ស្អាតក្នុងពេលដ៍ខ្លីខាងមុខ នៅលើទឹកដីតំបន់ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានអរគុណចំពោះសន្តិភាពក៏ដូចជា ការដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកធ្វើឲ្យប្រទេសជាតិមានមាន សុខសន្តិភាព និងការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិសយ័រហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមថា «បើគ្មានសន្តិភាព បើគ្មានវត្តមានសម្តេចតេជោ ហ៊ុន សែន ទេនោះ ប្រទេសជាតិយើងមិនមានការអភិវឌ្ឍន៍រីកចម្រើនបែបនេះបានដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខ សន្តិភាពឲ្យនៅគង់វង្សយូរអង្វែងដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការរីកចម្រើនជាងនេះទៀត»

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តព្រះវិហារ មន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានបរិច្ចាគទ្រព្យធន និងថវិកាចូលរួមកសាង សមិទ្ធិផលថ្មីនេះ។ ទន្ទឹមនិងនេះលោក ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត និងធ្វើការណែនាំឲ្យក្រុមជាងសាងសង់ត្រូវយកចិត្តទុកដាក់ខិតខំធ្វើការ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់រង្វង់មូលស្រអែមនេះ បានរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

បើតាមការឲ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រង្វង់មូលស្រអែមដែលកំពុងសាងសង់នេះ គឺផ្តួចផ្តើមកសាងដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ ដោយសាងសង់យកលំនាំតាមរចនាបទប្រាសាទព្រះវិហារប្រមាណ ៧៥% នៃតួប្រាសាទទាំងមូល។ ចំពោះផ្លូវនៅជុំវិញរង្វង់មូលនេះ គ្រោងនឹងធ្វើការពង្រីក ៤ម៉ែត្រទៀត ដើម្បីឲ្យស្ថានភាពជុំវិញរង្វង់មូលនេះមានភាពស្រស់ស្អាត៕