ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យបេតិកភណ្ឌ


ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលហើយ ដោយគោរពតាមអនុសាសន៍ពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor។ មុនដំណើរការជួសជុលស្ពានបុរាណមួយនេះ គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំងមូល ចៀសវាងហានិភ័យផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់បេតិកភណ្ឌទាំងផ្នែកសោភ័ណភាព និងបុរាណវិទ្យា។
លោក Satoru MIWA អ្នកជំនាញនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រចាំការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានថ្លែងក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៧នៃICC-Angkor ថា ក្នុងការជួសជុលយើងព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាភាពដើមនៃស្ពានឱ្យបានច្រើនបំផុត។ ដោយឡែកចំពោះថ្មដែលពុកផុយប្រើការលែងកើត យើងបានយកថ្មថ្មីមកជំនួស ឯថ្មដែលនៅប្រើបាន យើងនឹងរក្សាទុកដដែល ដើម្បីរក្សាភាពដើមនៃរចនាសម្ព័ន្ធសំណង់មិនឱ្យប្រែប្រួល។
ជាពិសេសជាងនេះទៅទៀត គម្រោងជួសជុលនេះក៏បានផ្តោតយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សផងដែរ ដូចជាកម្មករកាត់ថ្ម បុគ្គលិកជំនាញ អ្នកបុរាណវិទ្យា ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យពួកគាត់មានជំនាញច្បាស់លាស់ និងបច្ចេកទេសខ្ពស់ក្នុងការបំពេញការងារ។ លុះបញ្ចប់ពីការងារនេះទៅ ពួកគាត់នឹងអាចធ្វើការងារផ្សេងដោយខ្លួនឯងបាន។ មួយវិញទៀត យើងក៏បានគិតគូរជាចម្បងដល់សុវត្ថិភាពសម្រាប់អ្នកធ្វើការជួសជុល កម្មករ អ្នកជំនាញដែលធ្វើការផ្ទាល់នៅក្នុងការដ្ឋាន និងសុវត្ថិភាពរបស់ភ្ញៀវទេសចរទៀតផង។
គួរបញ្ជាក់ដែរថា ការជួសជុលស្ពានហាលនេះឡើងវិញ ក្នុងគោលបំណងធំដើម្បីអភិរក្ស ព្រោះតាមរយៈកំណាយស្រាវជ្រាវ អ្នកជំនាញរកឃើញថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានស្រុតនិងខូចខាតផ្នែកជញ្ជាំងដោយសារថ្មបាយក្រៀមរងនូវការពុកផុយ ដែលចាំបាច់ត្រូវមានការជួសជុលជាបន្ទាន់ដើម្បីកាត់បន្ថយការទ្រុឌទ្រោមកាន់តែធ្ងន់ធ្ងរ។ ដំណើរការជួសជុលស្ពាននេះ ទទួលខុសត្រូវដោយក្រុមការងារអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យស៊ូហ្វីយ៉ា។ ក្នុងដំណាក់កាលជួសជុលនេះដែរ គឺទាមទារជាចាំបាច់នូវអ្នកជំនាញសិក្សាលម្អិតអំពីទីតាំង សម្ភារ:ជួសជុល និងវិធីសាស្ត្រជួសជុលដើម្បីរក្សាឱ្យបាននូវលក្ខណៈដើមទាំងស្រុង៕