អាជ្ញាធរជាតិអប្សរា នឹងប្រារព្ធខួប២៥ឆ្នាំ នាសប្ដាហ៍ក្រោយនៅបរិវេណប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ


(សៀមរាប)៖ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ គឺមានរយៈពេល ២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំង ៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរាសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង-ស្រុកទាំង ៥ នៃរមណីយដ្ឋានអង្គរ ដែលទាំងអស់នេះបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ដើម្បីផ្សព្វផ្សាយពីស្នាដៃសម្រេចបានក្នុងរយៈពេល២៥ឆ្នាំនេះ ក៏ដូចជាចក្ខុវិស័យការងារនាពេលអនាគត អាជ្ញាធរជាតិអប្សរានឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដើម្បីបង្ហាញនិងឆ្លើយសំណួរទូទៅ ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៥-២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។

អាជ្ញាធរជាតិអប្សរានឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ព្រមទាំងសិស្ស និស្សិត ដើម្បីសិក្សាស្វែងយល់ពីការងារស្ថាប័នដោយផ្ទាល់ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក៏ដូចជាបើកឱ្យទស្សនាដោយសេរីនូវសារមន្ទីរនានា ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាផងដែរ។

ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ប្រារព្វខួប២៥ឆ្នាំនេះ កាន់តែពោរពេញដោយការចង់ចាំ និងអធឹកអធមបន្ថែមទៀត អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដាក់ចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃចំនួន ២២៥អង្គ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៧៖៣០នាទីព្រឹក។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ និងពិធីសាសនាដូចមានជម្រាបជូនខាងលើឱ្យបានច្រើនកុះករ៕